ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ផឹកចំស្រាកាចក្លាយជាហិង្សាអ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យុវជន២នាក់បាន ផឹកស្រាជាមួយគ្នាក៏ទាស់ពាក្យសម្ដីគ្នា ឈានទៅយកកាំបិតចុងស្រួចមកចាក់យុវជនគូទំនាស់បណ្តាលឲ្យរងរបួសធ្ងន់។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះឈ្មោះ ថុន ថៃ ក្នុងភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។

មន្រ្តីនគរបាលស្រុកកែវសីមាបានឲ្យ ដឹងថា ជនរងគ្រោះឈ្មោះ ប៉ាវ សំណាង អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិក្ដុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវជនដៃដល់ ចាក់១កាំបិតលើដើមដោះខាងស្ដាំរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញាតិដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកស្រុកស្នួល ខេត្តក្រចេះ ។

ចំណែកជនដៃដល់ឈ្មោះវ៉ាន់ ភាក់ណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះបានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះត្រូវលើដើមដោះខាងស្ដាំ១កាំបិតរងរបួសធ្ងន់ ។

មន្រ្តីនគរបាលស្រុកកែវសីមាបានបន្តថា មុនពេលកើតហេតុអ្នកទាំង២បានផឹកស្រាជាមួយគ្នារួចក៏មានទំនាស់ពាក្យសម្ដីគ្នាឈានដល់ការបង្កជាអំពើហិង្សាតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលនៃអធិការដ្ឋានស្រុកកែវសីមាបានឃាត់ខ្លួន ជនដៃដល់ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖