ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៨ លោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ សីហនុបានឲ្យដឹងថា កម្លាំងកងរាជអាវុធ ហត្ថរបស់លោកកំពុងតាមចាប់ស្រ្តីម្នាក់ឈ្មោះ មឿង ស្រីទូច ដែលកំពុងរត់គេចខ្លួន បន្ទាប់ពីប៉ុនប៉ងសម្លាប់នាយអាវុធហត្ថខេត្តព្រះសីហនុម្នាក់ពេលចុះបំពេញភារកិច្ច ។
តាមការរៀបរាប់របស់លោកអនុ សេនីយ៍ឯក ញា វិសិទ្ធ បានរៀបរាប់ទាំងឈឺ ចុកចាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋជាកម្មករចាំចម្ការថា មានករណីជម្លោះកើតឡើងរវាងកម្មករចាំចម្ការដូចគ្នាដោយឈ្មោះ មឿង ស្រីទូច ដែល កន្លងមកអះអាងថា ជាក្មួយបង្កើតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៅរាជធានីភ្នំពេញបានបញ្ជាឲ្យកម្មកររបស់ខ្លួនប្រើហិង្សាដុតបំផ្លាញ ម៉ូតូកម្មករចាំចម្ការភាគីម្ខាងទៀត ។
បន្ទាប់ពីទទួលពាក្យបណ្តឹងនិងទទួលបទបញ្ជារបស់លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅម៉ោងប្រមាណជិត១១ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៨ កម្លាំងកងរាជអាវុធហត្ថ មន្ទីរស្រាវ ជ្រាវយុត្តិធម៌បានចុះដល់កន្លែងកើតហេតុ និងទីតាំងដីចម្ការអ្នកស្រី មឿង ស្រីទូច ក្នុង គោលបំណងពិនិត្យ និងអញ្ជើញអ្នកស្រី មឿង ស្រីទូច ព្រមទាំងបក្ខពួកមកសួរនាំ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ ពេលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ភ្លាមស្រ្តី មឿង ស្រីទូច បានទូរស័ព្ទ ឆ្វាត់ឆ្វែងទំនងជារកអន្តរាគមន៍។ ពេល នោះលោក ញា វិសិទ្ធ បានអញ្ជើញឈ្មោះ មឿង ស្រីទូច និងបក្ខពួកដែលគេអះអាងថា ជាអង្គរក្សឲ្យមកកាន់ទីបញ្ជាការដើម្បីសួរនាំទៅតាមនីតិវិធី ។
លោកញា វិសិទ្ធ បន្តបន្ថែមទៀតថា លោកក៏ឡើងជិះរថយន្តម៉ាកឡិចសុីស ៥៧០ជាមួយឈ្មោះ មឿង ស្រីទូច។ បន្ទាប់ ពីលោកឡើងជិះនៅក្នុងរថយន្តខាងលើ មឿង ស្រីទូច ឡើងទៅកាន់ចង្កូតបើកបរ និងប្តូរឲ្យអង្គរក្សរបស់គេមកអង្គុយជិតលោកវិញ ហើយឡុកសោទ្វាររថយន្តហាក់បីដូចជាមានគម្រោងផែនការក្នុងការធ្វើ សកម្មភាពអ្វីមួយ ។
ប៉ុន្តែលោកយល់ឃើញថា លោកមាន កម្លាំងនៅក្នុងរថយន្តស៊ីរ៉ែនបើកតាមពីក្រោយផងដែរទំនងជាមិនមានរឿងអ្វីកើតឡើងបានទេ។ តែអ្វីៗមិនដូចការគិតទុកជា មុនឯណាគ្រាន់តែឡើងអង្គុយក្នុងរថយន្តភ្លាមស្រ្តី មឿង ស្រីទូច និងអង្គរក្សបានបញ្ជាឲ្យលោកបិទទូរស័ព្ទមិនឲ្យទាក់ទងមិនខុសពីក្លាយខ្លួនពីសមត្ថកិច្ចមកជាចំណាប់ខ្មាំងវិញ។ ពួកគេបានបើករថយន្តក្នុង ល្បឿនលឿនដូចហោះសំដៅទៅភ្នំពេញ ធ្វើឲ្យរថយន្តកម្លាំងសមត្ថកិច្ចតាមមិនទាន។ដោយឃើញទិដ្ឋភាពមិនអំណោយផល លោកក៏សម្រេចចិត្តបើកទ្វាររថយន្តរួចលោតចុះទាំងបង្ខំទៅខាងឆ្វេងដៃបណ្តាលឲ្យរងរបួសដាច់រយះស្លឹកត្រចៀកខាងស្តាំស្ទើរបាត់ទាំងស្រុង និងមានស្នាមជាំឈឺចុកចាប់ពេញខ្លួនប្រាណ។ បន្ទាប់មករថយន្ត កម្លាំងសមត្ថកិច្ចដែលបើកប្រដេញតាមក្រោយបានដឹករូបលោកមកកាន់គ្លីនិកមិត្តភាពឃ្លាំងលើដើម្បីសង្គ្រោះ។ ដោយឡែក ស្រ្តីមឿង ស្រីទូច និងអង្គរក្សនៅក្នុងរថយន្តចំនួន២នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយហេតុការណ៍កើតឡើងក៏មាន វត្តមានលោក យន្ត មីន អភិបាលខេត្តចុះសួរ សុខទុក្ខ និងពិនិត្យមុខរបួសដល់គ្លីនិកផងដែរជាការយកចិត្តទុកដាក់ខ្ពស់ និងលើក ទឹកចិត្តពីថ្នាក់ដឹកនាំប្រធានគណៈបញ្ជាការឯកភាពខេត្ត។ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនស្រី្តជើងខ្លាំងឈ្មោះ មឿង ស្រីទូច ដើម្បីយកមកផ្ដន្ទាទោសចំពោះ មុខច្បាប់ ។
កន្លងមកឈ្មោះ មឿង ស្រីទូច និង បក្ ខពួកបានយកឈ្មោះថ្នាក់ដឹកនាំជាច្រើន មកប្រើដើម្បីគំរាមកំហែងគូភាគីជម្លោះក្នុងរឿងវិវាទដីធ្លីនៅខេត្តព្រះសីហនុតែត្រូវបានថ្នាក់ដឹកនាំបដិសេធជាបន្ទាន់មិនទទួលស្គាល់ទង្វើរបស់ឈ្មោះ មឿង ស្រីទូច និង បក្ខពួកទេ ៕ ហេង នរិន្ទ្រ