ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជា មួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ត្រើយស្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ បានចុះធ្វើការបង្រ្កាបគ្រឿង ចក្រជាច្រើនគ្រឿងដែលកំពុងធ្វើសកម្មភាពកាយដីលើកជាទំនប់ហ៊ំព័ទ្ធរំលោភយកដីបឹងដែលជាសម្បត្តិសាធារ ណៈ ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តម សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការននគរបាលខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកស្នងការរួចមក លោកបានដឹកនាំកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ត្រើយស្លា និងនគរបាលប៉ស្តិ៍រដ្ឋបាលប្រាសាទ ចុះទៅពិនិត្យនិងបង្រ្កាបទប់ស្កាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយ លើកទំនប់ហ៊ំព័ទ្ធរំលោភយកដីបឹងធម្មជាតិ ដែលជាសម្បត្តិសាធារណៈ ។
លោកអធិការបានបញ្ជាក់ថា ចំពោះគ្រឿងចក្រទាំងអស់នោះពុំត្រូវបានរឹបអូសយកមកកាន់អធិការដ្ឋាននគរបាលស្រុកឡើយ ពោលគ្រាន់តចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ភាព នឹងតម្រូវអោយម្ចាស់ដកយកគ្រឿងចក្រទាំអស់ឡើងវិញ ។ ចំពោះករណីម្ចាស់គ្រឿងចក្រណានៅរឹងទទឹងមិនព្រមដក សមត្ថកិច្ចយើងនឹងធ្វើការបង្រ្កាបដកហូតយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោក សេង សុជាតិ បានបញ្ជាក់ទៀតថា គ្រឿងចក្រដែលធ្វើសកម្មភាពឈូសឆាយ លើកជាទំនប់រំលោភយកដីបឹងនៅឃុំស្អាងភ្នំជាកម្មសិទ្ធរបស់លោកឧកញ៉ា កែវ ម៉ារ៉ាឌី ។ គ្រឿងចក្រកាយរំលោភយកដីបឹងនៅឃុំប្រាសាទ ជារបស់លោក ហ៊ុយ ពិសិទ្ធ និងគ្រឿងចក្រដែលកំពុងកាយរំលោភយកដីបឹងនៅឃុំត្រើយស្លាជារបស់លោក ឈៀង ប៉ាក់សួគ៌ ។ ពលរដ្ឋនិយាយថា ម្ចាស់គ្រឿងចក្រសុទ្ធសឹងជាលោក និងឧកញ៉ា អីចឹងតាហ៍បានថ្លើមធំហ៊ានរំលោភយកដីបឹងធម្មជាតិដែលជាសម្បត្តិសាធារណៈយ៉ាងដូច្នេះ ៕ ស្អាងជ័យ