ភ្នំពេញ៖ បុរសម្នាក់កំពុងអង្គុយហូបអាហារជាមួយមិត្តភក្តិ៤នាក់ទៀត ស្រាប់តែមានមុខបុរសម្នាក់ដែលគេស្គាល់ថា ជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបុរសម្នាក់បួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់ និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ ។
ករណីហិង្សានេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៌មានបានឲ្យដឹងថា បុរសដែលត្រូវគេវាយមានឈ្មោះ អ៊ិត ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរលក់ទូរសព្ទ ។ ចំណែកជនដៃដល់ឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ ។
បើតាមសម្តីបុរស ដែលត្រូវគេវាយ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភក្តិ៤នាក់ទៀត ក្នុងហាងអាហារមួយ ក្នុងកោះពេជ្រ ខណ:ពេលកំពុងតែនិយាយគ្នា ស្រាប់តែមានបុរសម្នាក់ ដែលគេស្គាល់ថាជា អង្គរក្ស បានចូលមកគ្រៀកគាត់ពីក្រោយ រួចស្រែកសួរថា «ហ្អែងហ្នឹងមែនឈ្មោះអាយី?» គាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានវាយមកលើផ្ទៃមុខគាត់បួនទៅប្រាំដៃ ហើយត្រូវបានមិត្តភក្តិ ដែលអង្គុយជាមួយគ្នាជួយឃាត់ ភ្លាមនោះក៏មានបុរស២នាក់ទៀតដែលបក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខរួចរុញប្រតាយប្រតប់ជាមួយមិត្តភក្តិរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រ ចុះមកជួយឃាត់បាន រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមនីតិវិធី ។
បន្ទាប់ពីកើតហេតុរឿងរ៉ាវជម្លោះនេះយើងមិនទាន់ដឹងថាកើតឡើងដោយសារតែបញ្ហាការអ្វីនៅឡើយទេ ព្រោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ៕ ជ្រោយពេជ្រ