ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រប្រោសព្រះរាជទានឯកសណ្ឋានក្នុងសវនាការជំនុំជម្រះ និងប្រជុំពេញអង្គ ដល់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅ ថ្ងៃ សៅរ៍ ៤ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឯកសណ្ឋានរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងសវនាការជំនុំជម្រះ ឬកិច្ចប្រជុំពេញអង្គ គឺអាវផាយគ្របពីលើអាវកុតពណ៌ខ្មៅ ឡេវមាសត្រាព្រះរាជសង្ហា ខោជើងវែងពណ៌ខ្មៅ ស្បែកជើងឃ្លុបកខ្លីពណ៌ខ្មៅ សម្រាប់ប្រធាន ឬសមាជិកក្រុមប្រឹក្សាជាបុរស។ សម្រាប់ប្រធាន ឬសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជានារីវិញ មានអាវកុតពណ៌ខ្មៅ ឡេវមាសត្រាព្រះរាជសង្ហា សំពត់សំឡុយពណ៌ខ្មៅ ស្បែកជើងអេស្កាបុ័ងពណ៌ខ្មៅ។

ជាមួយនេះអង្គព្រះមហាក្សត្រក៏បានប្រោសព្រះរាជទានឯកសណ្ឋានសម្រាប់គណៈលេខាធិការនៃសវនាការជំនុំជម្រះ ឬកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ ក្នុងនោះសម្រាប់លេខាធិការ ឬជំនួយការលេខាធិការជាបុរស មានអាវផាយគ្របពីលើអាវកុតពណ៌ដូចពណ៌សំបកផ្លែមង្ឃុត ឡេវមាសត្រាព្រះរាជសង្ហា ខោជើងវែងពណ៌ដូចពណ៌អាវ ស្បែកជើងឃ្លុបកខ្លីពណ៌ខ្មៅ។ សម្រាប់លេខាធិការ ឬជំនួយការលេខាធិការជានារីវិញ ប្រើឯកសណ្ឋានអាវកុតពណ៌ដូចពណ៌សំបកផ្លែមង្ឃុត ឡេវមាសត្រាព្រះរាជសង្ហា សំពត់សំឡុយពណ៌ដូចពណ៌អាវ ស្បែកជើងអេស្កាបុ័ងពណ៌ខ្មៅ។

ការប្រទាន ឯកសណ្ឋានរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងសវនាការជំនុំជម្រះ ឬកិច្ចប្រជុំពេញអង្គ បាន ធ្វើឡើងតបតាមការក្រាបបង្គំទូលថ្វាយរបស់លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីព្រះអង្គ ត្រាស់បង្គាប់ប្រោសព្រះរាជទាន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។ សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប។

ប្រធានត្រូវបានជ្រើសតាំងតាមការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាតរៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។

ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិក ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។

សមាជិក ៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង ៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬ ជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ និង មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានឡើយ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន។ ប្រជារាស្ដ្រ និងគណបក្សនយោបាយអាចលើកសំណើ ឬ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបានតាមលក្ខខណ្ឌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕ ប្រាថ្នា


ចែករំលែក៖