ខេត្តពោធិ៍សាត់៖ ឡានធុនធំដឹកសត់មាន់កសិកម្មមួយគ្រឿង មិនដឹងយ៉ាងម៉េចស្រាប់តែក្រឡាប់បះជើងច្រងាង ចាក់សត្វមាន់ពាសពេញផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកប៉ឹម ពិន អ្នករាយការណ៍ព័ត៌មានកាសែតនគរវត្តប្រចាំនៅខេត្តពោធិ៍សាត់ដែលចុះដល់ចំណុចកើតហេតុបានរាយការណ៍បឋមថា មនុស្ស៤នាក់ដែលស្ថិតនៅក្នុងកាប៊ិនរថយន្តក្រឡាប់មិនទាន់ដឹងមូលហេតុនេះ បានរងរបួសជាទម្ងន់ ខណៈសត្វមាន់ជាច្រើនក្បាលបានងាប់ ព្រមទាំងមានធុំក្លិនមិនល្អនៅទីតាំងកើតហេតុផងដែរ ។ លោកបន្តថា ចំណុចកើតហេតុ ស្ថិតនៅត្រង់គីឡូម៉ែត្រលេខសូន្យ ក្បែររង្វង់មូលផ្លូវបំបែកជាបួន កែងនឹងផ្លូវជាតិលេខ៥៥ ។
សមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យហេតុការណ៍នេះផងដែរ ៕