ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាខ្ទាតទៅប៉ះរបងស្ថានទូតរុស្ស៊ីបណ្តាលឲ្យរងរបួសមនុស្សម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តទំនើបមួយគ្រឿងបានបើកទៅបុករថយន្តតាក់ស៊ីម៉ែត្រ ហើយបន្តមកបុកបង្គោលដាក់ការពាររបងស្ថានទូតរុស្ស៊ីអស់ជាច្រើនកង់ បណ្តាលឲ្យមានអ្នករបួសស្រាលម្នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ រួមដំណើរជាមួយនារីម្នាក់ បានបើករថយន្តម៉ាក Ford-Everest មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-7374 តាមផ្លូវក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភាក្នុងទិសដៅពីកើតទៅលិចយ៉ាហលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ ពាក់ស្លាកលេខភ្នំពេញ 2AA-9460 បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងរថយន្តស្ទើតែទាំងស្រុង រីឯរថយន្តFord-Everest នោះមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលដាក់ការពាររបងស្ថានទូតរុស្ស៊ី បណ្តាលឲ្យបាក់អស់បង្គោល ៤ និងរនាំងមួយផ្ទាំង ចំណែករថយន្តវិញរងការខូចខាត ដាច់កង់រថយន្តផ្ទុះពោងបែកកញ្ចក់ តែសំណាងល្អនៅក្នុងគ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានអ្នកស្លាប់គ្រាន់រងរបួសស្រាលម្នាក់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែង យករថយន្តទាំង២យកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖