ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿង បើកលឿនជ្រុលចង្កូតទៅបុលក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរពីរកង់ រីឯរថយន្តដាច់ក្រឡេទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងមុខក្រសួងមហាផ្ទៃ) ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក ឡិចស៊ីស RX-300 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4495 បើកយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ វៀច២កង់ ចំណែកឯរថយន្តដាច់ក្រឡេទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ