ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនអ្នកបើកបររថយន្តតាក់សុីបុករថយន្តសម្តេចក្រុមព្រះទៅកាន់សាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសអ្នកបើកបររថយន្តតាក់សុី មួយរូប ឈ្មោះ វ៉ុល សារ៉េត អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តវ៉ាជែងជ្រុលទៅបុករថយន្តសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយខ្លួនឯង ក៏រងរបួសធ្ងន់ដែរនោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីហើយ នារសៀលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ថ្លែងថា នេះជានិតិវិធីផ្លូវច្បាប់ ក្រោយសមត្ថកិច្ចរកឃើញថា ជនសង្សយ័អ្នកបើកបររថយន្តតាក់សុីរូបនេះ បង្កឲ្យមានជាគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំមួយ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងរបួស ។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់បន្ថែមថា ករណីនេះ បើទោះជាជនសង្សយ័មានរបួសយ៉ាងណាក៏ដោយ ក៏និតិវិធីត្រូវតែធ្វើដែរ តាមរយៈការព្យាបាលផង និងអនុវត្តន៍និតិវិធីច្បាប់ផង និងថាក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្ត ការសម្រេចក្តីគឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេច។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឲ្យមានជនរងគ្រោះម្នាក់ស្លាប់គឺអ្នកម្នាងអ៊ុក ផល្លា និងមានជនរងគ្រោះ៦នាក់ទៀត ដែលជិះក្នុងរថយន្តទាំងសងខាង រងរបួសធ្ងន់ និងស្រាល ក្នុងនោះរួមមានទាំងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ផងដែរ ដែលទ្រង់ទទួលរងរបួសធ្ងន់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖