ព័ត៌មានទាន់ហេតុការណ៍៖

ដើមឈើ១ដើមធំ បានផ្តួលរលំ ក្រោយមេឃភ្លៀងលាយឡំដោយខ្យល់បោកបក់

ចែករំលែក៖

ភ្នំពេញ៖ រដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាលខេត្តក៏ដូចជារាជធានីភ្នំពេញ មានប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់សូមកុំជ្រកក្រោមដើមឈើណាធំៗ ព្រោះវាអាចមានគ្រោះថ្នាក់ជាយាថាហេតុ ។

ជាក់ស្តែងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ នៅចំណុចមុខទូរគមនាគមន៍កម្ពុជា ក្បែរស្ដុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីភ្លៀងធ្លាក់មួយមេ លាយឡំដោយខ្យល់បោកបក់ បណ្ដាលឲ្យផ្តួលរំលំដើមឈើធំ១ដើម តែសំណាងល្អ គ្មានរងរបួសដល់អ្នកធ្វើដំណើរ និងខូចខាតអ្វីនោះឡើយ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹតបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់បោកបក់ បានបង្កឲ្យដើមចន្ទគិរីធំ១ដើម បាក់ធ្លាក់មកលើវិថីព្រះសីហនុតែម្ដង តែសំណាងល្អ គ្មានរងរបួសដល់អ្នកធ្វើដំណើរ និងរងការខូចខាតដល់សម្បតិ្តរដ្ឋ ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត បានចាត់កម្លាំងចុះមកកាត់ដើមឈើអូសយកចេញភ្លាមៗតែម្ដង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ ៕ ស តារា


ចែករំលែក៖