ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ាម្នាក់​បោកលុយស្រ្តីវៀតណាមជិត៣៦ម៉ឺន$

ចែករំលែក៖

ភ្នំពេញ​: បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ាម្នាក់​ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN អាយុ​៤៣​ឆ្នាំ​​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​ ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់ជិត៣៥​ម៉ឺន​ដុល្លារ ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Darg Mai Nga ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ពាណិជ្ជករ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ នៅ​រាជធានី​ភ្នំពេញ​តាម​ពាក្យបណ្តឹង របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ចោទប្រកាន់​ពី​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ​អាមេរិក​។

​យោងតាម​ពាក្យបណ្តឹង​នោះបាន​បញ្ជាក់ថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨ ដើមបណ្តឹង​បាន​ស្គាល់​ជនសង្ស័យ​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លុះ​ថ្ងៃទី​១០ ខែមករា ជនសង្ស័យ​ឈ្មោះ REMIGUS DURU OKONKWO បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សុំ​ជួប​ជាមួយ​ជនរងគ្រោះ ដោយនិយាយ​លួងលោម​បញ្ចុះបញ្ចូល ឲ្យ​ជនរងគ្រោះ​ចូល​ហ៊ុន​បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់មកជនសង្ស័យ​បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ មក​ប្រទេស​កម្ពុជា ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ ដោយ​អះអាងថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា​នេះ​។​

​សមត្ថកិច្ច​បន្តថា ដោយមាន​ការជឿទុកចិត្ត ជនរងគ្រោះ​បានផ្តល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៥​លើក សរុប​៣៥៦.០០០ ដុល្លារ​តាមរយៈ​គណនី​របស់​ពួកគេ ដែល​បានផ្តល់​ឲ្យ គ្នា​ទៅវិញទៅមក​។ ក្រោយពេល​បាន​វេរ និង​ទទួល​ប្រាក់​នោះ​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិនអាច​ទាក់ទង​បាន​មួយរយៈ​។ លុះ​ថ្ងៃទី​១៥ ខែមិថុនា ជនសង្ស័យ​បាន ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ ឲ្យ​ជនរងគ្រោះ​ផ្តល់ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​បន្ថែមទៀត តែ​ត្រូវ​ជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន​តែម្តង ៕ សហការី

 


ចែករំលែក៖