ភ្នំពេញ: បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN អាយុ៤៣ឆ្នាំត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀល ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣៥ម៉ឺនដុល្លារ ពីស្ត្រីជនជាតិវៀតណាមម្នាក់ ឈ្មោះ Darg Mai Nga ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរពាណិជ្ជករ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅរាជធានីភ្នំពេញតាមពាក្យបណ្តឹង របស់ស្ត្រីជនជាតិវៀតណាមម្នាក់ បានចោទប្រកាន់ពីឆបោកប្រាក់ចំនួន៣៥៦.០០០ដុល្លារអាមេរិក។
យោងតាមពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០១៨ ដើមបណ្តឹងបានស្គាល់ជនសង្ស័យតាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ លុះថ្ងៃទី១០ ខែមករា ជនសង្ស័យឈ្មោះ REMIGUS DURU OKONKWO បានទៅទីក្រុងហាណូយប្រទេសវៀតណាម សុំជួបជាមួយជនរងគ្រោះ ដោយនិយាយលួងលោមបញ្ចុះបញ្ចូល ឲ្យជនរងគ្រោះចូលហ៊ុនបើកសិប្បកម្មផលិតឥដ្ឋការ៉ូ នៅប្រទេសកម្ពុជា។ បន្ទាប់មកជនសង្ស័យបានប្រើល្បិចនាំជនរងគ្រោះ មកប្រទេសកម្ពុជា ដើម្បីមើលទីតាំងបង្កើតសិប្បកម្មផលិតឥដ្ឋការ៉ូ ដោយអះអាងថា មានមិត្តភក្តិនៅប្រទេសកម្ពុជានេះ។
សមត្ថកិច្ចបន្តថា ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានផ្តល់ប្រាក់ឲ្យជនសង្ស័យជាបន្តបន្ទាប់ ចំនួន៥លើក សរុប៣៥៦.០០០ ដុល្លារតាមរយៈគណនីរបស់ពួកគេ ដែលបានផ្តល់ឲ្យ គ្នាទៅវិញទៅមក។ ក្រោយពេលបានវេរ និងទទួលប្រាក់នោះហើយ ជនសង្ស័យបានបិទទូរស័ព្ទ និងគេចខ្លួនមិនអាចទាក់ទងបានមួយរយៈ។ លុះថ្ងៃទី១៥ ខែមិថុនា ជនសង្ស័យបាន ទូរស័ព្ទទៅជនរងគ្រោះថា សិប្បកម្មធ្វើជិតរួចរាល់ហើយ ឲ្យជនរងគ្រោះផ្តល់ប្រាក់ចំនួន១៥០.០០០ដុល្លារបន្ថែមទៀត តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕ សហការី