ក្រុមកាំភ្លើងធំArsenalបានទទួលជោគជ័យក្នុងការទិញអ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Bernd Leno ក្នុងតម្លៃខ្លួន២០លានផោនពីក្រុម Bayer Leverkusen។
អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្រុមកាំភ្លើងធំ៥ឆ្នាំ។ លោក Unai Emery អ្នកចាត់ការទូរទៅថ្មីរបស់ក្រុមArsenalបាននិយាយថា “Bernd គឺជាអ្នកចាំទីដែល មានបទពិសោធន៍និងគុណភាពខ្ពស់។ គាត់ជាប់ជម្រើសដំបូងនៅក្នុងក្រុម Leverkusen ក្របខ័ណ្ឌកំពូលអាល្លឺម៉ង់អស់រយៈពេលជាង៧ឆ្នាំ។ ពួកយើងពិតជារំភើប ចិត្តពេលបានគាត់មកចូលរួមនៅទីនេះ”។
ការមកដល់របស់កីឡាករអាល្លឺម៉ង់រូបនេះធ្វើឲ្យមានភាពស្រពិចស្រពិលនឹងអនាគត របស់អ្នកចាំទីជើងចាស់ Petr Cech ដោយសារតែ Lenoត្រូវបានគេរំពឹងថា នឹងក្លាយទៅជាអ្នកចាំទីជម្រើសទី១។
នៅពេលជាមួយគ្នានេះខ្សែបម្រើអង់គ្លេស Jack Wilshere របស់ក្រុមកាំភ្លើងធំក៏បានប្រកាសថា គាត់នឹងចាកចេញពីកីឡដ្ឋាន Emirates Stadium នៅចុងខែនេះ។ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះមកលេងឲ្យកាំភ្លើងធំដំបូង នៅក្នុងឆ្នាំ២០០៨ហើយបានបង្ហាញខ្លួន១៩៧ប្រកួតហើយ ៕ ដេវីត