ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះត្រួតពិនិត្យជនបរទេសនៅក្នុងផ្សារកណ្តាល រកឃើញជនជាតិវៀតណាមចំនួន១៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម១៥នាក់ (ស្រី៨ នាក់) បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានកម្លាំងប្រតិបត្តិការចម្រុះនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ធ្វើការឃាត់ខ្លួនជាក់ស្តែងនៅក្នុងទីរួមផ្សារកណ្ដាល ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃ ៩កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្សារកណ្តាល ផ្លូវលេខ១៤៤ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី នេះ បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនបរទេសដែលបានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោយចុះពិនិត្យកម្លាំងជំនាយបានរក ឃើញ ជនជាតិវៀតណាមចំនួន១៥នាក់ (ស្រី៨ នាក់) បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តទៀតថា បន្ទាប់ពីប្រតិបត្តិការចប់ ជនជាតិវៀតណាមប្រុសស្រីទាំង១៥នាក់ខាងលើ បានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖