ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ឆ្មក់ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីកែច្នៃប្រភេទថ្មី តាមកុំព្យូទ័រ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានទទួលព័ត៍មានពីប្រជាពលរដ្ឋថា មានទីតាំងហ្គេមបាញ់ត្រីកែច្នៃប្រភេទថ្មី តាមកុំព្យូទ័រមួយកន្លែង បើកលេងទាំងយប់ទាំងថ្ងៃពេញ២៤ម៉ោង ផ្កើននឹងការហាមឃាត់របស់អាជ្ញាធរ លុះនៅវេលាម៉ោង៧យប់ ថ្ងៃពុធ ៨កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញបានដឹកនាំកម្លាំង ចុះបង្រ្កាបជាក់ស្តែងតែម្តង ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានការលួចបើកលួចលាក់នូវទីតាំងហ្គេមបាញ់ត្រីនោះ ទើបកម្លាំងបានចុះបង្ក្រាប នូវទីតាំងផ្ទះលេខ១៥Eo ផ្លូវលេខ១៧២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញជាលទ្ធផល ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១៦ទូ(ទូម៉ូនីទ័រកុំព្យុទ័រ១៦៧)កៅអីចំនួន១៨កង្ហា០២កៅអីដែក២ តុកុំព្យុទ័រ៨ផងដែរ។

ប្រភពដដែលបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ពុំមានឃាត់ខ្លួនអ្នកលេងបាននោះទេ ហើយទីតាំងលេងហ្គេមបាញ់ត្រីនេះ ជាប្រភេទកែច្នៃទំនើបថ្មីមួយទៀតផងដែរ ហើយការចុះបង្ក្រាបនេះដោយសារតែបានប្រជាពលរដ្ឋល្អចេះសហការផ្តល់ព័ត៌មាន ឲ្យសមត្ថកិច្ចមូលដ្ឋានទើបឈានដល់ការចុះបង្រ្កាបជាក់ស្តែងតែម្តង ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងទៀតថា ភាគច្រើនទីតាំងលេងហ្គេមបាញ់ត្រីទាំងនោះ សម្បូរទៅដោយក្រុមក្មេងទំនើង ក្មេងជក់ថ្មាំញៀន និង បង្កជាបញ្ហាផ្សេងៗ ធ្វើអោយប្រជាពរដ្ឋរស់នៅមានការភ័យខ្លាច ហេតុនេះទើបឲ្យកម្លាំងគណៈបញ្ជាការបន្តចុះបង្រ្កាបទីតាំងទាំងអស់នោះ ដើម្បីលប់បំបាត់ភាពអសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន ។

ដោយឡែកលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក៏ធ្លាប់មានប្រសាសថា លោកនិងបន្តបង្ក្រាបយ៉ាងសកម្មចំពោះល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះដែលធ្វើអោយវង្វួក់អារម្មណ៍ក្មេងៗសិស្សសាលាភ្លេចការរៀនសូត្រផងដែរ ។

លោកអភិបាលក៏បានសុំអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់ជួយសហការជាមួយអាជ្ញាធរនឹងផ្ដល់ព័ត៌មានចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីណាដែលនៅបន្តបើកដោយលួចលាក់បន្តទៀតនោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា ជៀសវាងអាចកើតបញ្ហាណាមួយជាយាថាហេតុ ។

ក្រោយប្រតិបត្តិការរួច អាជ្ញាធរបានធ្វើកំណត់ហេតុដកហូតយកសំភារៈទាំងអស់ ទោរក្សាទុកនៅសាលាខណ្ឌដូនពេញ បណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា

 


ចែករំលែក៖