ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ដោយជាន់អន្ទាក់សត្វខ្លួនឯង នៅក្នុងព្រៃជាប់និងផ្សារថៃភ្នំដី

ចែករំលែក៖

ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ខណៈបានឆ្លងដែនចូលផ្សារថៃភ្នំដី បានប្រទះឃើញសពបុរសម្នាក់បានដេកស្លាប់ផ្កាប់មុខនៅក្នុងព្រៃតែម្នាក់ឯង ក៏បានរាយការណ៍ប្រាប់តម្រួតថៃចុះទៅពិនិត្យមើលសពភ្លាមៗ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី20 ខែមិថុនា ឆ្នាំ2018 នៅក្នុងព្រៃជាប់នឹងផ្សារថៃភ្នំដី ខេត្តស្រះកែវ នៅប្រទេសថៃ។

យោងតាមរបាយការណ៍របស់តម្រួតថៃបានដឹងថា ជនរងគ្រោះ មានឈ្មោះ យ៉ាត ភេទប្រុស អាយុ 48 ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធ ឈ្មោះ រិច ភេទស្រី អាយុ ៣៥ឆ្នាំ ជាជនជាតិខ្មែររស់នៅក្នុងភូមិ គីឡូ 13 ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង និងបានទៅរកស៊ីនៅស្រុកថៃ យូរឆ្នាំមកហើយ ។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារ តែជនរងគ្រោះជាន់អន្ទាក់ខ្សែភ្លើងដែលជនរងគ្រោះបានតសម្រាប់ដាក់អន្ទាក់ចាប់យកសត្វ តែចៃដន្យអ្វីត្រូវជាន់អន្ទាក់ខ្លួនឯងឆក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញរបស់តម្រួតថៃទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយជាន់ខ្សែភ្លើងអន្ទាក់សត្វរបស់ ខ្លួនឯងប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯប្រទេសកម្ពុជា ៕ ប្រាថ្នា


ចែករំលែក៖