កាលពីថ្ងៃទី២១ ខែមិថុនា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបង្ហោះរូបភាពថ្មីរបស់ខ្លួននៅលើបណ្តាញទំនាក់ទំនង សង្គម និងមានការវិភាគមួយចំនួនផង ដែរ។ នេះជាលើកទី១ហើយ ចាប់តាំងពីលោកស្រីបានភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
លោកស្រី យីងឡាក់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «នេះជាខួបកំណើតទី១របស់ខ្ញុំនៅក្រៅ ប្រទេស ខ្ញុំសូមអរគុណដល់ពលរដ្ឋថៃ ដែលនៅតែគិតពីខ្ញុំ អរគុណពលរដ្ឋថៃ ដែលបានជូនពរខួបកំណើត លើកទី៥១ របស់ខ្ញុំ»។ លោកស្រីក៏បានបង្ហោះរូបភាព នៅលើបណ្តាញ Twitter និង Instagram ផងដែរ។
កាលពីខែសីហា ឆ្នាំ២០១៧ លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ មុនថ្ងៃតុលាការកំពូលប្រកាសសាលក្រម ដាក់ទោសលោកស្រីជាប់ពន្ធនាគារ៥ឆ្នាំពីបទ ធ្វើឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដល់កម្មវិធីជំនួយតម្លៃស្រូវអង្ករជួយដល់ប្រជាកសិករ។ ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនោះ។
ប្រភពព័ត៌មានពីគណបក្សភឿថៃបានឲ្យដឹងថា លោកស្រី យីងឡាក់ បានភៀសខ្លួនទៅរស់នៅទីក្រុងឡុងប្រទេសអង់ គ្លេស តាមផ្លូវទីក្រុងឌូបៃ។ បងប្រុសរបស់ លោកស្រី គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវបានគេដឹងថា មានផ្ទះនៅទីក្រុងឡុង ស្រាប់។
រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវបាននាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើរដ្ឋ ប្រហារកាលពីឆ្នាំ២០១៤ ប៉ុន្តែត្រកូល ស៊ីណាវ៉ាត្រា នៅតែមានឥទ្ធិពលនៅក្នុង ឆាកនយោបាយថៃដដែល បើទោះបីរដ្ឋា ភិបាលយោធា បានខិតខំបំបាត់ឥទ្ធិពល ទាំងនោះក៏ដោយ។
លោក ថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រី ថៃ កាន់តំណែង ចាប់តាំងពីឆ្នាំ២០០១ដល់ ឆ្នាំ២០០៦ ក៏ត្រូវភៀសខ្លួនចេញពីប្រទេស ក្រោយការធ្វើរដ្ឋប្រហារដោយយោធា។ ចំណែក លោកស្រី យីងឡាក់ ត្រូវបានរដ្ឋាភិបាលយោធាហាមប្រាមចូលរួមក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥។
ក្រោយចាកចេញពីប្រទេស លោកស្រី យីងឡាក់ តែងតែបង្ហាញខ្លួនជាមួយបង ប្រុស ថាក់ស៊ីន ពេលទៅកាន់ប្រទេសចិន ជប៉ុន សិង្ហបុរី និងអាមេរិកជាដើម៕ ម៉ែវ សាធី