ព័ត៌មានទាន់ហេតុការណ៍៖

វិវាទ​នីតិវិធី​ ! ព្រះរាជ​អាជ្ញា​រង​ ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ ,​ ចៅក្រម​ស៊ើបសួរ​ យល់​ថា​ ជា​រឿង​រដ្ឋប្បវេណី​ មិន​ឃុំ​ខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​ស៊ីដាច់​ប្រាក់​ជាង​២លាន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ស្ត្រី​មេ​តុងទីន​ម្នាក់​ពី​បទ​”រំលោភ​លើ​ទំនុក​ចិត្ត​”ជា​បទល្មើស​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​ការ​ស៊ី​ដាច់​ប្រាក់​កូន​តុងទីន​១៧នាក់​ សរុប​ទឹក​ប្រាក់​ជាង​២លាន​ដុល្លារ​ ។ ប៉ុន្តែ​លោក​ កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​ យល់​ថា​ នេះ​ជា​រឿង​រដ្ឋប្បវេណី​ ដោយ​សម្រេច​មិន​ឃុំ​ខ្លួន​ស្ត្រី​ជនត្រូវចោទ​ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ ។ ការ​សម្រេច​ដោះលែង​នេះ​ ធ្វើ​ឱ្យ​កូន​តុងទីន​ទាំង​១៧នាក់​ កំពុង​មាន​ប្រតិកម្ម​ ។

ស្ត្រី​រូប​នេះ​ឈ្មោះ​ លី​ គីមហួរ​ អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ”រំលោភ​លើ​ទំនុក​ចិត្ត”​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៧​ តាម​មាត្រា​៣៩១និង​មាត្រា​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

យោង​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៧៧៤​ ចុះ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បង្ហាញ​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១៤​ ឈ្មោះ​ លី​ គីម​ហួរ​ និង​ ម្តាយ​ឈ្មោះ​ តាំង​ គីមហួង​ បាន​លួងលោម​ឱ្យ​ឈ្មោះ​ ប៊ុន​ សុភាព​ សមាជិក​ដទៃ​ទៀត​ លេង​តុងទីន​ដោយ​ឈ្មោះ​ លី​ គីម​ហួរ​ និង​ ម្តាយ​ឈ្មោះ​ តាំង​ គីម​ហួង​ ធ្វើ​ជា​មេ​តុងទីន​ ជា​បន្តបន្ទាប់​រហូត​សរុប​១៥លើក​ ក្នុង​នោះ​មាន​ក្បាល​៥០០ដុល្លារ​ ,​ ក្បាល​៣០០ដុល្លារ​ ,​ ក្បាល​២០០ដុល្លារ​ ,​ និង​ ក្បាល​២០ដុល្លារ​ ជា​ច្រើន​ក្បាល​ ដោយ​ចាប់តាំងពី​លេង​តុងទីន​មក​ ឈ្មោះ​ ប៊ុន​ សុភាព​ បាន​បង់​ប្រាក់​ឱ្យ​ទៅ​ឈ្មោះ​ លី​ គីម​ហួរ​ និង​ ម្តាយ​ឈ្មោះ​ តាំង​ គីមហួង​ ជា​បន្តបន្ទាប់​សរុប​២លាន​៦សែន​ដុល្លារ​ ។

លុះ​មក​ដល់​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០១៧​ ឈ្មោះ​ តាំង​ គីមហួង​ បាន​លួច​ចេញ​ទៅ​ក្រៅ​ប្រទេស​ស្ងាត់ៗ​ ដោយ​មិន​ប្រាប់​កូន​តុងទីន​បាន​ដឹង​ឡើយ​ ហើយ​បាន​ឱ្យ​ឈ្មោះ​លី​ គីម​ហួរ​ ជា​អ្នក​ដើរ​ប្រមូល​ប្រាក់​ជំនួស​ ។ ស្រាប់​តែ​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ពេល​ដែល​ឈ្មោះ​ ប៊ុន​ សុភាព​ និង​ កូន​តុងទីន​ដទៃទៀត​ ដល់​ថ្ងៃ​ប្រមូល​ប្រាក់​តុងទីន​មក​វិញ​ ហើយ​បាន​នាំ​គ្នា​ទៅ​ទារ​ប្រាក់​ពី​ឈ្មោះ​ តាំង​ គីម​ហួង​ និង​ ឈ្មោះ​ លី​ គីម​ហួរ​ តែ​អ្នក​ទាំង​ពីរ​បាន​គេចវេស​និង​រឹប​យក​ប្រាក់​ទាំងអស់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យ​ទៅ​ឈ្មោះ​ ប៊ុន​ សុភាព​ កូន​តុងទីន​ដទៃទៀត​ រហូតមកទល់​បច្ចុប្បន្ន​ ។

ទោះជាយ៉ាងនេះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា ដើមបណ្តឹងចំនួន១៧រូប កើតទុក្ខមិនសុខ ចិត្ត ចំពោះចៅក្រម​ស៊ើបសួរ​ដោះលែងស្រ្តីមេតុងទីនរូបនេះ​ទេ ព្រោះពួកគេយល់ឃើញថា ដើមបណ្តឹងមិនទាន់បានទទួល នូវ អ្វីហៅថា មានការស្រុះស្រួលគ្នានៅឡើយ ដែលនេះជាការធ្វើ​ឱ្យ​ប៉ះពាល់ដល់ផលប្រយោជន៍ ពួកគេធ្ងន់ធ្ងណាស់ ៕ចេស្តា


ចែករំលែក៖