ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រឡុកស៊ីម៉ងត៍បុករះម៉ូតូពីក្រោយ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ដក្រឡុកស៊ីម៉ងត៍ បុកម៉ូតូពីក្រោយចំនួន២គ្រឿង បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និង ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខធានាគារវឌ្ឍនៈ នៅចំណុចភូមិទឹកថ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ស្នាក់ភូមិក្រសូ សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ។ ចំណែកប្ដីប្រពន្ធ២នាក់មិនបានស្គាល់អត្ដសញ្ញាណនោះទេ ។

យោងតាមសម្ដីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាក់HINO ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 5A-0339 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកកើតហេតុ ស្រាប់តែរថយន្តបុកគូថក្រោយម៉ូតូចំនួន២ គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ1BU-5070 នឹងម៉ូតូ DREAM c125 ពណ៌ខ្មៅពាក់ផ្លាក់លេខតាកែវ1C- 8551 ដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និង ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះ ភ្លាមៗនោះតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានជួយសម្រួលចរាចរណ៍ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញចុះមកវាស់វែងអូសរថយន្ដ និងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណតហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖