ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់ល្បឿនលឿនមិនពាក់មួកសុវត្ថិភាពដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅជាម៉ូតូ ១គ្រឿងលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ដែលគេសង្ស័យការបើកបរប្រើប្រាស់ក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបបណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់បែបនេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែតាមបណ្ដោយមាត់ស្ទឹងពោធិ៍សាត់បណ្ដោយត្រើយខាងលិច ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ស៊ុំ រដ្ឋា ហៅចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំស្រែស្តុក ស្រកុកណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអែស សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1A 5497 គេមិនបានបញ្ជាក់អំពីស្លាកលេខខេត្តណាឬរាជធានីភ្នំពេញនោះឡើយ ហើយបានធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿនដូចហោះ ម្យ៉ាងទៀតមិនពាក់មួកសុវត្ថិភាពផងនោះ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតដួងបោកក្បាលផ្ទប់ទៅនឹងថ្នល់ហូរឈាមស្លាប់មួយរំពេជ រួចគេឃើញសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសពផងដែរ៕ ប៉ឹម ពិន


ចែករំលែក៖