ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋម្នាក់បានសម្រេច នៅចំណុចមុខច្រកចូលផ្ញើម៉ូតូរថយន្តក្រោមដី ផ្លូវលេខ២៧៤ (ផ្លូវព្រះសីហនុ) ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង៥ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ជនសង្ស័យឈ្មោះ ម៉ៅ ចន័្ទដារ៉ា ហៅតុ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២០C ផ្លូវជាតិលេខ៥ ភូមិ បឹងឈូក សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា