ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ត្រឡប់មកពីជញ្ជាត់ត្រីហើយចុះមុជទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីសិស្សសាលាម្នាក់បានបាត់បង់ជីវិត ខណៈ ដែលអ្នកភូមិមិនអាចសង្គ្រោះទាន់ពេល បន្ទាប់ត្រឡប់មកពីជញ្ចាត់ត្រីហើយឈាងចុះមុជទឹកស្រះខាងក្រោយផ្ទះ បណ្ដាលឲ្យឈ្លក់ទឹកស្រែកហៅឲ្យជួយសង្គ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងស្រី រងគ្រោះ ឈ្មោះ ម៉ុត ស្រីខេត អាយុ១២ឆ្នាំ ជាសិស្ស ដោយមានទីលំនៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។

បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកូនស្រីរងគ្រោះ បានប្រាប់គាត់ជាម្ដាយថា ពេលនេះទំនេរកូនទៅស្រែខាងក្រោយផ្ទះ ដើម្បីជញ្ចាត់ត្រីយកមកទុកធ្វើម្ហូបពេលល្ងាច ដើម្បីទុកគ្រាន់ដោះស្រាយជីវភាពបានមួយកម្រិត ។

បន្ទាប់មកប្រមាណជិតមួយម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោដល់ក្មេងៗក្បែរស្រះទឹកនោះ ស្រែកហៅអ្នកភូមិជួយ និងរត់មកប្រាប់គាត់ថា កូនស្រីលង់ទឹក ខណៈធ្វើឲ្យគាត់ស្ទើរទន់ជង្គង់ប្រញាប់ប្រញាលរត់ទៅមើល ប៉ុន្តែអកុសលហួសពេលទៅហើយ ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញពិនិត្យសពរួចមកក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖