ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែងលោកផ្កាយ១ ប៉ិច តុងហេង ដែលវាយកម្មករអេតចាយបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ បើតាមមន្ត្រីពន្ធនាគាររាជ ធានីភ្នំពេញ(PJ)បានឲ្យដឹងថា លោក ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែ ខុនដូភីធីអេស រ៉េស៊ីដេន ដែលយកកាំភ្លើងវាយកម្មករឃ្លាំងអេតចាយបែកក្បាលនៅខណ្ឌចំការមនបានចេញពីគុកជាបណ្តោះអាសន្នហើយ ។

ប្រភពបានបន្តថា លោកឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យដោះលែងរបស់ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ ។

សូមជម្រាបជូនថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨កន្លងទៅបានចេញដីកាសម្រេច ឲ្យឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ប៉ិច តុង ហេង ជាថៅកែខុនដូភីធីអេស រ៉េស៊ីដេន ដែលយកកាំភ្លើងវាយកម្មករឃ្លាំងអេតចាយ បែកក្បាលនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នសិនរង់ចាំបន្តនីតិ វិធីនាពេលក្រោយ ។

លោក សៀង សុខ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា លោកបាន សម្រេចចោទប្រកាន់លើលោកឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង ជាថៅកែខុនដូភីធីអេស រ៉េស៊ីដេន មានទីលំនៅផ្ទះលេខ២២ដេ ផ្លូវ លេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសយោងតាមមាត្រា២១៧និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូដែលវាយ កម្មករឃ្លាំងអេតចាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ គ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានឲ្យដឹង ថា សំណុំរឿងលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង នេះសមត្ថកិច្ចបញ្ជូនខ្លួននិងសំណុំ រឿងទៅតុលាការ។ ចំណែកកាំភ្លើងខ្លីដែលលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ប្រើដើម្បីប្រព្រឹត្តបទល្មើសវាយក្បាលកម្មករអេតចាយនោះគឺសមត្ថកិច្ចមិនបានដកហូត និងបញ្ជូនទៅតុលាការនោះទេ ។

គួររំលឹកថា ជនត្រូវចោទឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង បានប្រើអំពើហិង្សាដោយយកកាំភ្លើងវាយក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ២១ឆ្នាំ ជាកម្មករឃ្លាំង អេតចាយដោយខឹងជនរងគ្រោះមើលមុខ របស់ខ្លួន ។

ករណីហិង្សានេះបានកើតឡើងកាល ពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅ ក្បែរអគារខុនដូរបស់ជនបង្កមានទីតាំង ស្ថិតនៅតាមផ្លូវលេខ៣៦៨ សង្កាត់បឹង កេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញជន ត្រូវចោទជិះរថយន្តស្ព័រម៉ាក Chevrolet Camaro ពាក់ស្លាកលេខភ្នំពេញ 2AP-8989 ដោយរោទ៍សំឡេងខ្លាំងៗទើបជនរង គ្រោះមើលមុខជនត្រូវចោទដែលនៅក្នុង រថយន្ត។ ពេលឃើញកម្មករមើលមុខបែបនេះជនសង្ស័យបានបើករថយន្តត្រឡប់មកវិញហើយក៏ចុះពីលើរថយន្តដោយមាន កាន់កាំភ្លើងខ្លីទំនើបមួយដើមទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀត ថា សំណុំរឿងនេះជនត្រូវចោទលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណង ទៅជនរងគ្រោះចំនួន៤.០០០ដុល្លារដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹងក្នុង ការបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែងជនបង្កមានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក ប៉ុន្តែដោយសារតែរឿងនេះត្រូវបានមហាជន ជាពិសេសក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់យ៉ាងខ្លាំងទើបលោកឧត្តមសេនីយ៍មានទ្រព្យស្តុកស្តម្ភរូបនេះត្រូវបង្ខំចិត្តដេកគុកមួយរយៈសិន ព្រោះទង្វើខ្វះការ ពិចារណារបស់ខ្លួន ៕ ហេង សូរិយា


ចែករំលែក៖