ព័ត៌មានទាន់ហេតុការណ៍៖

សត្វផ្សោត១ក្បាលទម្ងន់ជិត១០០គីឡូក្រាមងាប់ដោយសារជាប់មងនៅអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ សត្វផ្សោត១ក្បាលទម្ងន់ជិត១០០គីឡូក្រាមបានងាប់ដោយសារជាប់មង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត កាលពីល្ងាចថ្ងៃពុធ ១រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២៧ ខែមិថុនា ឆ្នាំ២០១៨នៅខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយរងខណ្ឌជល ផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេឲ្យដឹង ថា សត្វផ្សោត១ក្បាលដែលងាប់នោះ គឺ បណ្ដាលមកពីជាប់មងហើយវាជាប្រភេទសត្វផ្សោតឈ្មោលមានទម្ងន់៩២គីឡូក្រាមនិងប្រវែង១,៩៤ម៉ែត្រ។ ផ្សោតងាប់នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏បានរាយ ការណ៍ទៅឆ្មាំទន្លេ។ បន្ទាប់ ពីមានការរាយ ការណ៍ក្រុមឆ្មាំទន្លេបានយកមករក្សាទុកនៅស្នាក់ការអង្គការ wwf ។

លោកនាយរងខណ្ឌរូបនេះបានបន្តថា មងគឺជាអាវុធប្រល័យផ្សោត ព្រោះផ្សោត១ ក្បាលនេះងាប់ដោយសារជាប់មង។ លោកថាសត្វផ្សោតក្នុងរយៈពេលពី១០ទៅ១៥នាទីត្រូវងើបដកដង្ហើមម្ដងតែត្រូវជាប់មងហើយ ងើបដកដង្ហើមមិនរួចទើបបណ្តាលឲ្យងាប់តែម្តង ។

បើតាមលោកម៉ុក ពន្លក បានឲ្យដឹងថា នាពេលកន្លងមកលោកតែងតែដឹកនាំកម្លាំងចុះបង្ក្រាបយកមងទៅដុតចោលតែត្រូវ ពលរដ្ឋលើកឡើងថាខាងជំនាញតែងតែ រឹបអូសរបស់ពួកគាត់ ដុតចោលទោះបីជាពួកគាត់ដាក់មងលក្ខណៈគ្រួសារក៏ដោយហើយពួកគាត់តែងតែខឹងនឹងមន្រ្តីជំនាញ ។

ជាមួយគ្នានេះលោកនាយរងសូមអំពាវនាវដល់ពលរដ្ឋកុំឲ្យប្រើឧបករណ៍នេសាទដូចជា មង និងឧបករណ៍ឆក់ត្រីក្នុងតំបន់ហាមឃាត់ផងដែរ។ លោកក៏បានណែនាំ ពលរដ្ឋទាំងអស់ ជួយថែរក្សាផ្សោត ព្រោះ សត្វផ្សោត គឺជាប្រភេទសត្វកម្រ ៕ ហេង នរិន្ទ្រ


ចែករំលែក៖