ព័ត៌មានទាន់ហេតុការណ៍៖

អ្នកអារដើមឈើម្នាក់ភ្លាត់ស្នៀតរលំសង្កត់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលគេអះអាងជាម្ចាស់ចំការបានយករណាយន្តកាត់ដើមឈើ ១ដើមនៅក្នុងចំការរបស់ខ្លួន សង្ស័យភ្លៀតស្នៀតក៏ត្រូវរលំសង្កត់ស្លាប់មួយរំពេចដោយគ្មានអ្នកបានដឹងភ្លាមៗនោះឡើយ ។

ករណីនេះបានកើតឡើងនៅចំណុចបាក់ត្រាក្រោម ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ។

លោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយដើមឈើដួលរលំសង្កត់នោះ ត្រូវបានគេស្គាល់ឈ្មោះ អូច ឌីន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនរងគ្រោះរូបនេះបានមកទិញដីមួយកន្លែងខាងលើដើម្បីធ្វើចំការ លុះថ្ងៃកើតហេតុជនរងគ្រោះបានយករណាយន្ត ១គ្រឿងទៅកាត់ដើមឈើ ខណៈពេលនោះក៍ស្រាប់តែមិនដឹងជាយ៉ាងមុិចទើបរលំសង្កត់ខ្លួនឯងដោយគ្មានអ្នកដឹង ប៉ុន្តែត្រូវបានអ្នកភូមិដើរទៅប្រទះឃើញក៍បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានផងដែរ លុះនៅម៉ោងខាងលើទើបមន្រ្តីជំនាញសហការគ្នា ចុះពិនិត្យដល់កន្លែងកើតហេតុទាំងយប់អធ្រាត្រ ។

លោក វរសេនីយ៍ឯកបន្តទៀតថា តាមការចុះពិនិត្យរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅកន្លែងកើតហេតុ សាកសពជនរងគ្រោះត្រូវដើមឈើដួលរលំសង្កត់ស្លាប់ពិតប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកត្រឡប់ទៅស្រុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖