ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនបែកកង់រេចង្កូតបុកឡើងខឿនទ្រូងផ្លូវក្រឡាប់កៀបអ្នកបើកបរស្លាប់នៅក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ហើយស្រាប់តែបែកកង់ខាងក្រោយ ធ្វើឲ្យរថយន្តរេចង្កូតឡើងទៅលើខឿនសួនច្បារទ្រូងផ្លូវ ទៅបុករះបង្កោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់កៀបអ្នកបើកបរស្លាប់នៅក្នុងរថយន្ត ។

គ្រោះថ្នាក់ចរាចរនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយត្រង់ខាងជើងវត្តឃ្មួញ ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ព្រុំ សារុន អាយុ៥២ឆ្នាំ ជាអ្នកគួកជេដី ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ២០ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯឃុំមេបុណ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យ ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5791 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ស្រាប់តែរថយន្តខាងលើបានបែកកង់ក្រោយចំហៀងខាងឆ្វេង ធ្វើឲ្យរថយន្តរេចង្កូតឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុករះបង្គោលភ្លើងបំភ្លឺផ្លូវ រួមទាំងបង្គោលបង្ហាញទិសផ្លូវបាក់រាបដល់ដី ។ ចំណែកឯរថយន្តបានក្រឡាប់ផ្ងារជើងរួញជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ កៀបជាប់អ្នកបើកបរស្លាប់នៅក្នុងកាប៊ីនរថយន្តតែម្តង ។

បន្ទាប់ពីកើតហេតុភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ហើយប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ ក៏បាននាំគ្នាជួយគាស់ដែករថយន្ត ដើម្បីយកអ្នកបើកបរចេញពីក្នុងរថយន្ត តែគាស់មិនចេញក៏បានទាក់ទងហៅរថយន្តស្ទូចមកជួយស្ទូច និងនាំគ្នាជួយគាស់ដែកចេញអស់រយៈពេលប្រមាណជាងមួយម៉ោងទៀត ទើបអាចយកសពបុរសរងគ្រោះនោះ ចេញពីក្នុងរថយន្តចេញមកខាងក្រៅបាន ដោយនៅក្នុងរថយន្តឃើញមានលុយជាង៥០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងកាបូបលុយមួយមានអត្តសញ្ញាណប័ណ្ណប័ណ្ណបើកបរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចឲ្យរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖