ខេត្តព្រះវិហារ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា រហូតមកដល់ពេលនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់បានបង្កើតទីតាំងរោងម៉ាស៊ីនរ៉ៃអារឈើចំនួន៨កន្លែងក្នុងមូលដ្ឋានពួកគាត់ ហើយឈើអាររួចត្រូវបានដឹកជញ្ជូនចូលមកខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ យ៉ាងរលូន ។ បើតាមប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងឃុំយាង ស្រុកជាំក្សាន្ត បានឲ្យដឹងថា មានមន្ត្រីយោធាជាន់ខ្ពស់គឺជាអ្នកឃុបឃិតឲ្យឈ្មួញបង្កើតរោងម៉ាស៊ីនរ៉ៃអារឈើចំនួន៨កន្លែង ដែលជាហេតុធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកជាំក្សាន្ត កំពុងប្រឈមនឹងសេចក្ដីវិនាស ។
ក្រុមឈ្មួញអាចធ្វើអ្វីៗតាមអំពើចិត្តដោយសារមេបញ្ជាការយោធាកងពលលេខ៣និងមេបញ្ជាការរងកងពលលេខ៣ ឈ្មោះ នី ជាអ្នកឃុបឃិតដោយប្រើលេសអភិវឌ្ឍន៍គ្រួសារយោធិនក្នុងតំបន់នេះដើម្បីបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំយាង ស្រុកជាំក្សាន្ត បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនោះឡើយ ។ ទន្ទឹមនឹងនេះក្រុមឈ្មួញដែលបង្កើតរោងម៉ាស៊ីនរ៉ៃអារឈើ៨កន្លែងកំពុងដឹកឈើអារច្រៀករួចចេញពីឃុំយាង ស្រុកជាំក្សាន្ត ចូលទៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្ដរមានជ័យ យ៉ាងពេញបន្ទុកតែម្តង ។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន មិនគួរមើលរំលងតទៅទៀតទេព្រោះព្រៃឈើដែលនៅសេសសល់ក្នុងស្រុកជាំក្សាន្ត ជាពិសេសព្រៃការពារ ព្រៃអភិរក្ស កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ ។
តាមប្រភពពីមន្ត្រីយោធានៅក្នុងកងពលលេខ៣មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មេបញ្ជាការកងពលលេខ៣ទេនោះ គឺឈ្មោះ នី ដែលជាមេបញ្ជាការរងកងពលលេខ៣មិនហ៊ានឃុបឃិតឲ្យឈ្មួញបង្កើតរោងម៉ាស៊ីនរ៉ៃអារឈើ៨កន្លែងក្នុងឃុំយាង ដូចសព្វថ្ងៃនេះឡើយ ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនគួរមើលរំលងតទៅទៀតទេព្រោះមេបញ្ជាការនិងមេបញ្ជាការរងយោធាកងពលលេខ៣ កំពុងឃុបឃិតឲ្យឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងគឃ្លើន ។ មេបញ្ជាការនិងមេបញ្ជាការរងយោធាកងពលលេខ៣ បានប្រើលេសអភិវឌ្ឍន៍គ្រួសារយោធិនដើម្បីឃុបឃិតបើកដៃឲ្យឈ្មួញបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ហើយពួកគេប្រមូលលុយចែកគ្នាធ្វើមានធ្វើបានដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។
ជាការពិតឈើដែលឈ្មួញអារច្រៀកតាមរោងម៉ាស៊ីនរ៉ៃអារឈើទាំង៨កន្លែងនោះ មិនត្រូវបានគេយកទៅសាងសង់ទីជម្រកជូនដល់គ្រួសារយោធិនប្រចាំកងពលលេខ៣ឡើយ ផ្ទុយទៅវិញឈ្មួញដឹកជញ្ជូនឈើទាំងនោះទៅចែកចាយតាមដេប៉ូក្នុងខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យ៉ាងពេញបន្ទុកតែម្តង ។
មន្ត្រីយោធាឈ្មោះ នី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕ ហេង សូរិយា