ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយប្រពន្ធមានប្តីថ្មី មិនព្រមមករួមរស់ជាមួយគ្នាវិញ ក៏សម្រេចចិត្តនាំកូនស្រីអាយុ៧ឆ្នាំ ទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ បណ្ដាលឲ្យឪពុកលិចលង់ក្នុងទន្លេបាត់ ចំណែកឯកូនស្រីវិញ ត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានជួយស្រង់ទាន់ពេលវេលា ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ឪពុកដែលនាំកូនមកលោតទឹកសម្លាប់ខ្លួននោះឈ្មោះ ទៀង អាយុ៣០ មុខរបរនៅផ្ទះ ចំណែកឯកូនស្រី ឈ្មោះ ហង្ស លីហ្សា អាយុ៧ឆ្នាំ ស្នាក់នៅជាមួយឪពុក នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។រីឯស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ និងទៅមានប្តីថ្មីនោះមិនត្រូវបានស្គាល់ឈ្មោះ មុខរបរជាកម្មការិនីរោងចក្រ គ្រាន់តែដឹងថាស្នាក់នៅម្តុំផ្សារសិនជូរី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានបន្តទៀតថា នៅមុនពេលកើតហេតុ បុរសជាឪពុក បាននិយាយកុហកកូនស្រីរបស់ខ្លួនថា នាំកូនទៅហាត់ប្រាណ ស្រាប់តែនាំកូនមកលោតទឹកពីលើស្ពានជ្រោយចង្វារទៅវិញ ដោយបុរសជាឪពុកបានលិចលង់ទៅក្នុងទឹកទន្លេបាត់ទៅ ចំណែកកូនស្រីត្រូវបានខ្មែរឥស្លាម ដែលជិះទូកក្នុងទន្លេនៅក្បែរនោះ ជួយទាន់ពេលវេលា ។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ ដើម្បីសួរនាំស្រាវជ្រាវរកសាច់ញាតិ រួចក៏បានប្រគល់ក្មេងស្រីទៅឲ្យយាយ នាំត្រឡបមទៅផ្ទះវិញ ៕ ស តារា