ភ្នំពេញ៖ រថយន្តក្រុងជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជួយដល់រដ្ឋបាលរាជធានីភ្នំពេញចំនួន៨០គ្រឿង តែបានដល់ភ្នំពេញចំនួន២០គ្រឿងរួចហើយ ហើយរថយន្តទាំង២០គ្រឿងនេះនឹងដំណើរការរថ នៅចុងខែនេះ ស្របជាមួយរថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញដ៏ទៃទៀតផងដែរ។
ក្នុងដំណើរចុះពិនិត្យ និងជិះសាកល្បងរថយន្តក្រុងជាជំនួយរបស់ជប៉ុន នៅរសៀលថ្ងៃ ពុធ៧រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៨ នៅតំបន់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងអោយដឹងថា៖ រថយន្ត២០គ្រឿងបានមកដល់ភ្នំពេញក្នុងចំណោមរថយន្ត៨០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដាក់អោយដំណើររថនៅលើផ្លូវដែលមានស្រាប់ នៅក្នុងក្រុងភ្នំពេញ ។ លោក បានបញ្ជាក់ថា ៖ រថយន្តក្រុងជំនួយជប៉ុននេះ គឺរថនៅលើផ្លូវ៨ខ្សែ ស្របជាមួយនឹងរថយន្តក្រុងជាជំនួយរបស់រដ្ឋាភិបាល ចិនចំនួន១០០គ្រឿងកំពុងដំណើរការបច្ចុប្បន្ន។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រថយន្ដក្រុងចំនួន៨០គ្រឿង បន្ថែមនេះ ក្នុងគោលបំណងពង្រីកសេវាដឹកអ្នកដំណើរសាធារណៈបន្ថែម នឹងអោយបានទាន់ពេលវេលាដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋ មន្រ្តីរាជរាជការ និងសិស្សានុសិស្ស និស្សិត គឺបានយករថយន្តសាធារណៈ គឺជាមធ្យោបាយធ្វើដំណើររបស់ពួកគាត់ ។ ប្រទេសជប៉ុន បានផ្តល់អំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា នូវរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ចំនួន ៨០គ្រឿង តែពេលនេះ ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ចំនួន២០គ្រឿងសិន និងដឹកជញ្ជូននៅពេលក្រោយបន្តបន្ទាប់ទៀត ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានរថយន្តក្រុងចំនួន១៥៥គ្រឿង ដែលកំពង់ធ្វើចរាចរណ៏លើផ្លូវសំខាន់ៗចំនួន៨ខ្សែ ដែលមានមនុស្សជិះ ជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ ។ លោកបន្តថា បន្ទាប់ពីទទួលបានជំនួយរថយន្តចំនួន៨០គ្រឿងពីប្រទេសជប៉ុនទៀតនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកខ្សែរត់បន្ថែមទៀត ដើម្បីបង្ខិតសេវាកម្មនេះឲ្យនៅជិតផ្ទះប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ៕ សំរិត