រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៥ ខែកក្កដា ដើម្បីពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ។
នៅក្នុងការប្រកាសកាលពីថ្ងៃទី៣ ខែ កក្កដា លោក Mike Pompeo នឹងធ្វើ ដំណើរទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៥ ខែកក្កដា ដើម្បីពិភាក្សាស្តីពីការរំសាយ បរមាណូ។ នេះជាលើកទីមួយដែលរដ្ឋ មន្ត្រីការបរទេសអាមេរិកទៅកាន់កូរ៉េខាងជើង ក្រោយជំនួបកំពូលនៅថ្ងៃទី១២ ខែ មិថុនា នៅប្រទេសសិង្ហបុរី។
នៅក្នុងជំនួបកំពូលមេដឹកនាំអាមេរិក និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាឆ្ពោះទៅរកការរំសាយអាវុធបរមាណូតាមរយៈសេចក្តីប្រកាសរួមក្រោយបញ្ចប់កិច្ច ពិភាក្សា។ នៅពេលនេះមន្ត្រីអាមេរិក កំពុងតែអនុវត្តទៅតាមសេចក្តីប្រកាស រួមដែលបានចុះហត្ថលេខារវាងលោក ត្រាំ នឹងលោក គីម។
អ្នកនាំពាក្យសេតវិមាន Sarah Sanders បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា «ដើម្បីបន្តកិច្ចការរំសាយអាវុធបរមាណូដ៏សំខាន់នៅឧបទ្វីបកូរ៉េ រដ្ឋមន្ត្រីការបរទេស Mike Pompeo នឹងទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៥ ខែកក្កដា ដើម្បីជួបពិភាក្សា ជាមួយមេដឹកនាំ គីម ជុងអ៊ុន និងមន្ត្រីជាន់ ខ្ពស់កូរ៉េខាងជើង។
ក្រសួងការបរទេសអាមេរិកក៏បាន ប្រកាសផងដែរថា គណៈប្រតិភូអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីន លោក Sung Kim បានជួប ពិភាក្សាជាមួយភាគីកូរ៉េខាងជើង នៅតំបន់ ព្រំដែនកាលពីថ្ងៃទី១ ខែកក្កដា ផងដែរ ស្តីពីវិធានការបន្តនៅក្នុងការអនុវត្តសេចក្តី ប្រកាសរួម។
លោក ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាលើកទីពីរនៅទីក្រុងវ៉ាស៊ីនតោន?
មន្ត្រីសេតវិមាន អាមេរិកបានលើក ឡើងពីគម្រោងជួបពិភាក្សាគ្នាជាលើកទីពីររវាងលោក ត្រាំនិងលោក គីម ជុងអ៊ុន នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាខែ កញ្ញាខាងមុខ ដើម្បីជំរុញការអនុវត្តទៅ តាមអ្វីដែលបានព្រមព្រៀងនៅប្រទេស សិង្ហបុរី។
សារព័ត៌មានអាមេរិកបានផ្សាយថា ជំនួបកំពូលលើកទីពីរ អាចធ្វើឡើងក្នុង រយៈពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានមេដឹកនាំប្រទេសជាសមាជិកចូលរួមនៅទីក្រុងញូវយ៉ក ចាប់ ពីថ្ងៃទី១៨-៣០ ខែកញ្ញា។ ក្រោយជំនួបនៅក្នុងប្រទេសសិង្ហបុរី លោក ត្រាំ បាន អញ្ជើញមេដឹកនាំ គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ចនៅសេតវិមានពេលវេលាសមស្របណាមួយ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បាននិយាយថា រដ្ឋបាលប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េ ខាងជើង យ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថា ការ រំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាមសម្រួលគ្មានការបង្ខិតបង្ខំជាដាច់ខាត។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងការរំសាយអាវុធបរមាណូនោះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបង្ហើបពីគម្រោង រំសាយអាវុធបរមាណូ ក្នុងរយៈពេលមួយ ឆ្នាំ។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ អាមេរិក CBS កាលពីថ្ងៃអាទិត្យ លោក Bolton បានលើកឡើងនាឱកាស នោះយ៉ាងដូច្នេះ ថា «យើងបានបង្កើតកម្ម វិធីមួយ ហើយខ្ញុំជឿជាក់ថា រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក ម៉ៃក៏ ប៉ុមប៉េអូ (Mike Pompeo) នឹងពិភាក្សាជាមួយ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ក្នុងពេល ឆាប់ៗខាងមុននេះ ដើម្បីសម្រេចថា តើត្រូវធ្វើដូចម្ដេចដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងក្នុង រយៈពេលមួយឆ្នាំ?»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើ របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក Mike Pompeo នឹងបំពេញ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុង យ៉ាងជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពិភាក្សាពីសំណុំរឿង នុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕ ម៉ែវ សាធី