ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ នាឱកាសសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨និង១៤នាទីទៅកាន់បងប្អូន កូនក្មួយ ជាកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាកទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាពលរដ្ឋក៏បានប្រែប្រួលខុសពីអតីតកាល ដែលរកតែស្បែកជើងពាក់មិនចង់បានផងនោះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសង្គ្រាមឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ។ ប៉ុន្តែជាអកុសលសង្គ្រាមនេះ បានបំផ្លេចបំផ្លាញកម្ពុជាគ្មានសល់ កម្ពុជាបានប្រឹងប្រែងងើបឡើងទាំងលំបាក។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារប្រទេសឡើងវិញ រួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកជាថ្មី។ សម្តេចតេជោ« នេះជាមរតក និងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ន»។

-សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរទៅកាន់អ្នកដែលអន្ទោសអង្អាប់សម្តេច «ជាមនុស្សល្ងង់» ថា តើមនុស្សល្ងង់ម្នាក់អាចដឹកនាំតស៊ូរំដោះប្រទេសបានដែរឬទេ? បើជាមនុស្សល្ងង់ តើអាចធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រដល់ពេលបច្ចុប្បន្នដែរឬទេ?

-សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការស្រឡាញ់រាប់អាន និងការសម្តែងនូវភាពរ៉ាក់ទាក់របស់កម្មករ កម្មការិនី ដែលនេះជាថាមពលដ៏ខ្លាំងក្លាសម្រាប់ការបន្តដឹកនាំប្រទេស និងយកខ្លួនពាំងការពារសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជន។

-សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកលើកឡើងថា ចំណូលជាតិបាត់បង់រហូតដល់ទៅ ៧៥ភាគរយ តើប្រទេសជាតិអាចរីកចម្រើនទៅរួចដែរឬទេ?

-សម្តេចតេជោ បានលើកឡើងថា ពេលការបោះឆ្នោតជិតមកដល់មានអ្នកសន្យាបែបនេះ ឬបែបនោះ តែត្រូវចោទសួរថា តើការសន្យានោះអាចធ្វើបានដែរឬទេ? ខណៈដែលកម្ពុជាកំពុងទទួលបានសមិទ្ធផលជាច្រើននៅក្នុងដៃរួចទៅហើយនោះ។

-ពាក់ព័ន្ធនឹងហ្នឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវរឿងអប់រំមួយថា សត្វឆ្កែ ដែលកំពុងពាំសាច់មួយដុំនៅក្នុងមាត់ ប៉ុន្តែនៅពេលវាពាំសាច់នោះទៅឆ្លុះក្នុងទឹក ស្រាប់តែឃើញ ស្រមោលសាច់ក្នុងទឹកធំជាងសាច់នៅក្នុងមាត់ ក៏ទម្លាក់សាច់ក្នុងមាត់ចោល ចង់ស្រវាយកសាច់ស្រមោលក្នុងទឹក តែទីបំផុតបាត់បង់សាច់នៅក្នុងមាត់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួល របស់កម្មករ កម្មការិនី និងប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការមិនមែនស្ថិតនៅត្រឹមប៉ុណ្ណេះទេ ពោលនៅពេលដែលកម្រិតសេដ្ឋកិច្ចជាតិក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍កាន់តែឡើងខ្ពស់។

-សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ៖ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍នឹងកើនឡើងរាល់ឆ្នាំមិនស្ថិតនៅត្រឹងមួយកន្លែងនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ការបង្កើតកំពង់ផែ បង្កើតផ្លូវ បង្កើតថាមពលអគ្គិសនី ដើម្បីតម្លៃអគ្គិសនីចុះទាប គឺដើម្បីទាក់ទាញអ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគមានផលចំណេញ ហើយផលចំណេញពីការរកស៊ីនោះ នឹងជួយប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីបានកាន់តែខ្ពស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខបានយកជីវិតធ្វើជាដើមទុនដឹកនាំចលនារំដោះជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ បន្ទាប់មកត្រូវប្រឹងប្រែងទប់ស្កាត់ការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ ហើយម្ខាងទៀតត្រូវប្រឹងប្រែងស្តារប្រទេសឡើងវិញ ៕ សុខ ខេមរា


ចែករំលែក៖