ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈរូបគេបានប្រព្រឹតល្បែងសុីសងចាក់បាល់(រដូវកាលWorld Cup) ចាញ់អស់លុយហើយក៏បែកគំនិតដើរធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ ។ ករណីនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង១០នាទី ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ នូ ណារិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ កែ សុធារី ភេទស្រីអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ស្ត្រីជាម្ចាស់ម៉ូតូបានប្រាប់ថាមុនកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខភ្នំពេញ1BF-8592 នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះរំពេចនោះស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់មកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូបញ្ឆេះជិះចេញពេលនោះគាត់បានឮសំឡេងម៉ូតូក៏ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៏រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញក៏ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ ។
បើតាមចម្លើយរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាពួកគេមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមចេញពីផ្ទះតាមបណ្តោយផ្លូវកើតហេតុខាងលើពេលមកដល់ក៏ឃើញម៉ូតូជនរងគ្រោះទុកនៅមុខផ្ទះហើយដូចជាស្ងាត់ផង ខ្លួនក៏ចុះពីលើម៉ូតូបក្ខពួកយកដែកឆ្នៃចុងស្រួចទៅចាក់បំបែកសោ.កម៉ូតូរបស់ជនរងបញ្ឆេះជិះចេញទៅក្នុងបំណងគេចខ្លួន តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តងចំណែកបក្ខពួកគេម្នាក់ទៀតបានជិះគចខ្លួនបាត់ ។
ជនសង្ស័យបានប្រាប់ទៀតថា មូលហេតុដែលនាំឲ្យគេធ្វើសកម្មកភាពលួចម៉ូតូខាងលើគឺដោយសារតែខ្លួនចាញ់ល្បែងសុីសងចាក់បាល់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តដោយឡែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ៕ តុង សីហា