ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ធូរបន្ថយកូរ៉េខាងជើងមួយជំហានទៀត

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅថ្ងៃទី៦ និងទី៧ ខែកក្កដា នេះ ដែលជាដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង ព្យុងយ៉ាងលើកទី៣នៅក្នុងឆ្នាំ២០១៨ និងជាលើកទីមួយក្រោយជំនួបពិភាក្សារវាងលោកត្រាំនឹងគីមជុងអ៊ុននៅសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំកាលពីខែមុន លោក គីម ជុងអ៊ុនបានសន្យាថានឹងឆ្ពោះទៅរក ការលុបបំបាត់បរមាណូនៅឧបទ្វីបកូរ៉េ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាដែល ទីក្រុងព្យុងយ៉ាងត្រូវបោះបង់បរមាណូនោះឡើយ ។

មន្ត្រីអាមេរិកមួយចំនួនបានបញ្ជាក់ថា គ្មានការរីកចម្រើននៅក្នុងកិច្ចព្រមព្រៀង របស់ប្រទេសទាំងពីរនោះឡើយ។ ផ្ទុយ ទៅវិញអ្វីដែលមើលឃើញគឺ ការចូលកៀកកូរ៉េខាងជើងមានតិចតួចរបស់រដ្ឋាភិបាលដូណាល់ ត្រាំ បើទោះបីមានរបាយការណ៍ ចារកម្មថា កូរ៉េខាងជើង នៅតែបន្តកុហកអាមេរិកស្តីពីកម្មវិធីបរមាណូ ។

ជាមួយគ្នានេះមន្ត្រីអាមេរិកបានបង្ហាញពីក្តីបារម្ភថា ចិននិងរុស្ស៊ីបន្តសហការជា មួយកូរ៉េខាងជើង បង្កផលលំបាកយ៉ាង ខ្លាំង ដល់អាមេរិក នៅក្នុងការជំរុញឲ្យកូរ៉េខាងជើងអនុវត្តសេចក្តីប្រកាសឲ្យបានឆាប់បំផុត។

ក្នុងពេលជាមួយគ្នានេះ លោក Daniel Russel មន្ត្រីការបរទេសអាមេរិកប្រចាំនៅតំបន់អាស៊ីភាគអាគ្នេយ៍ក្រោមរដ្ឋកាល អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា បាន បញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ហាក់បីដូចជា កំពុងតែ ដក ខ្លួនចេញពីគោលជំហររឹងមាំទៅលើកូរ៉េខាងជើង តាមរយៈការប្រកាសរបស់លោកត្រាំ ក្រោយកិច្ចប្រជុំកំពូលជាមួយគីម ជុងអ៊ុន ថា មិនមានការគំរាមកំហែងទៀតឡើយពីបរមាណូកូរ៉េខាងជើង ៕ ម៉ែវ សាធី


ចែករំលែក៖