ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនារីម្នាក់ដេកក្រោមផ្ទះម្នាក់ឯងចូលទៅស្ទាបអង្អែលខ្លួនប្រាណត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួន ខណៈឃើញនារីម្នាក់ដេកក្រោមផ្ទះម្នាក់ឯង ក៏ចូលទៅជិតរួចយកដៃស្ទាបអង្អែលខ្លួនប្រាណ ត្រូវម្ដាយឪពុកនារីរងគ្រោះដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ កុល សូវៀត ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ រីឯក្មេងស្រីរងគ្រោះឈ្មោះ ទ ស.ន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៧ ។ ជនសង្ស័យមានទីលំនៅភូមិព្រែកពោធិឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី ក្មេងស្រីរងគ្រោះមានអក្ការៈក្ដៅខ្លួន រួចបានដេកនៅលើគ្រែក្រោមផ្ទះម្នាក់ឯង ដោយឪពុក ម្ដាយមិននៅផ្ទះនោះទេ ខណៈនោះជនសង្ស័យឈ្មោះ កុល សូវៀត បានឃើញក្មេងស្រីរងគ្រោះដេកក្រោមផ្ទះម្នាក់ឯង ក៏ដើរចូលទៅជិត រួចយកដៃខាងស្ដាំស្ទាបករ និងស្ទាបសុដន់ខាងស្ដាំ រួចថើបថ្ពាល់ខាងស្ដាំ រួចហើយក៏ដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ រហូតម្ដាយឪពុកត្រឡប់មកវិញ ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួន ។ លុះមកដល់វេលាម៉ោង១៦និង០០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ទើបម្ដាយក្មេងស្រីរងគ្រោះបានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិទឹកវិលចាប់ខ្លួន ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖