ខេត្តសៀមរាប៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញសង្ស័យចងកសម្លាប់ខ្លួនបណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងផ្ទះសំណាក់ មីស្ទីក ស្ថិតនៅចំណុច ក្រុមទី២ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចដែលចុះស្រាវជ្រាវបង្ហើបថា ជនរងគ្រោះឈ្មោះ ដឿន ហូ ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ទុប្បន្នស្នាក់នៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានចងកនឹងក្រមាពណ៌ក្រហម និងខ្សែកាបូប ចងជាប់ទ្វារបន្ទប់ទឹក ដែលមានកម្ពស់ ប្រហែល ១.៩០ម៉ែត្រ ហើយចងសក់ និងខ្សែសាកទូរសព្ទ័ដៃ នៅក្នុងផ្ទះសំណាក់ “មីស្ទីក” បណ្តាលឲ្យស្លាប់ ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ៕ ថាច់ យ៉ាត