ខេត្តកំពតៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាម្ចាស់រថយន្តតាក់ស៊ីបានទុកសោក្នុងរថយន្តរួចដើរចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែមានមនុស្សញៀនថ្នាំ និងជាអ្នកស្គាល់គ្នាមួយរយៈបានមកលួចបើករថយន្តយកទៅបាត់ ។
ហេតុការណ៍គួរឲ្យភ្ញាគ់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៦ កក្កដា មានការភ្ញាក់ផ្អើលឆោឡោមួយ ត្រង់ចំណុចចំណតរថយន្តតាក់សុី ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តពត។
នគរបាលក្រុង កំពត បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ អ៊ុំ វណ្ណៈ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ជាម្ចាស់ រថយន្តម៉ាក LEXUS.RX ៣០០ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ។ រីឯជនសង្ស័យ ដែលជាប់ចោទលួចរថយន្តនោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលជាមនុស្សធ្លាប់រត់តាក់ស៊ីនិង ស្គាល់គ្នាជាមួយជនរងគ្រោះនាពេលកន្លងមក ។
បើតាមសម្តីម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានចតរថយន្តទុកក្នុងបេន ដោយមិនបានដកសោចេញទេរួច ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបន្ទោរបង់លាមកមួយភ្លែត។ លុះពេលចេញពីបន្ទប់ទឹកវិញ ស្រាប់តែចោរលួចបើករថយន្តរបស់គាត់ចេញទៅបាត់ ក៏បង្កឲ្យមានការឆោឡោ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បានសហការទាក់ទងគ្នាឃាត់ជនសង្ស័យបាន នៅចំណុចផ្លូវជាតិលេខ៣ ហួសផ្សារប៉ាំងសី ក្នុងទឹកដីខេត្តតាកែវ តែបន្តិច ហើយជនសង្ស័យនិងរថយន្ត បានប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងកំពតចាត់ការតាមច្បាប់ នៅវេលាម៉ោង១១យប់៕ ប្រាថ្នា