ភ្នំពេញ៖ នៅថ្ងៃចន្ទ ១២រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី រុក្ខទិវា ដែលនឹងប្រារព្ធ ឡើងនៅស្ថានីយដាំឈើថ្មរូង លើផ្ទៃដៃ៥០ហិកតា ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
លោកវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវ ប្រជាពលរដ្ឋគ្រប់ទិសទី ចូលរួមជួយដាំឈើ ថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ។ ដែលការចូលរួមបែបនេះ បានបង្ហាញនូវស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងអនាគតនៃកូនចៅជំនាន់ក្រោយៗទៀត ៕