ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈរួចស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោកកោះប្រជុំជាមួយ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការថ្មីៗទៀតលើការពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តិទៅនេះនាប៉ុន្មានថ្ងៃនេះ។

កិចប្រជុំនេះ បានប្រព្រឹតទៅកាលពីរសៀលថ្ងៃចន្ទ១១ រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៩កកដ្ដា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈរួចជាស្រេច ហើយដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ហើយកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើអោយបានល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បញ្ហាសន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូបមិនថាអ្នកមាន អ្នកក្រគឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។ រយះពេល២ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួឲ្យកត់សំ គាល់នោះទេធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។

លោក ក៏បានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ត្រូវធ្វើសេចក្តីរាយការមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅម៉ោង៤រសៀលជារៀងរាល់ថ្ងៃ លោកក៏បានលើកទឹកចិត្តដល់កំលាំងទាំងនគរបាល និងកងរាជ អាវុធ ហត្ថ ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អថែមទៀតដោយមិនត្រូវភ្លេចខ្លួនឡើយទាំងក្នុងយុទ្ធនាការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយអាជ្ញាធរខណ្ឌទាំង១២ត្រូវដាក់វេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ អាជ្ញាធរសង្កាត់.ខណ្ឌមានភារកិច្ចជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដោយត្រៀមឯកសារពាក់ពន្ធ័ឲ្យិគ្រប់តាមតម្រូវការ ក៏ដូចជាការផ្តល់បណ្ណ័ពត៌មានពាក់ពន្ធ័នឹងការបោះឆ្នោតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា៖ ពេលនេះដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងតែដំណើរការដែលមានគណបក្សនយោបាយចំនួន២០ដែលបានចុះបញ្ជីផ្លូវការនៅគ.ជ.បដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨មានរយះពេល២១ថ្ងៃ។ទោះបីជាយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញមោទនះភាពដែលកងកំលាំងទាំង២ប្រភេទរួមជាមួយអាជ្ញាធរដែនដីខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំបេញបានល្អប្រសើរ៕ សំរិត


ចែករំលែក៖