ព័ត៌មានទាន់ហេតុការណ៍៖

អាចយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយឆក់កាបូបលុយបុគ្គលិកធនាគារអាស៊ីម្នាក់ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឈ្មោះ សាត់ បញ្ញា ហៅ ចយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជាក់ស្ដែងពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ)កាលពីថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៦៤DEo ផ្លូវ សហព័ន្ធរុស្សី ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នពេញ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សាត់ បញ្ញា ហៅ ចយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជាង គីមហួង ភេទស្រីអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកអានាម័យ ធនាគារអាស៊ី ស្នាក់នៅផ្ទះលេខ៩៥ ផ្លូវ លំ ភូមិត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាភ្នំពេញ ។វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0234 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5177107 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ។ កាបូបពណ៌ដៃពណ៌ឈាមជ្រូកមួយ ក្នុងនោះមាន: លុយខ្មែរ ចំនួន៦០.០០០៛ (ប្រាំមួយ ម៊ឺនរៀល ) និងលុយដុល្លារចំនួន១០០$ (មួយរយដុល្លារ សហរដ្ឋអាមេរិក) ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ ។ បច្ចុប្បន្ន៖ កាបូបពណ៌ដៃពណ៌ ឈាមជ្រូកមួយ ក្នុងនោះមាន: លុយខ្មែរ ចំនួន៦០.០០០៛ (ប្រាំមួយ ម៊ឺនរៀល ) និង លុយដុល្លារចំនួន១០០$ (មួយរយដុល្លារ សហរដ្ឋអាមេរិក) ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ សមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

មន្រ្តីដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ជាង គីមហួង ភេទ ស្រីអាយុ៥២ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Let’s 4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-2018 ចេញពីផ្សារហេងលី ទៅធ្វើការជាអ្នកអានាម័យ នៅធនាគារអាស៊ី ដោយជនរងគ្រោះឈ្មោះ ជាង គីមហួង បានទុកកាបូបដៃ នៅព្យួរនឹងកម៉ូតូខាងមុខ លុះពេលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងមកដល់ចំណុចមុខផ្ទះលេខ៦៤DEo ផ្លូវសហព័ន្ធរុស្សី ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងបក្សពួកឈ្មោះ អាកាក់ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0234 ដោយជនសង្ស័យឈ្មោះ អាកាក់ ជាអ្នកបើក ម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ ជាអ្នកជិះពីខាងក្រោយ ភ្លាមនោះជនសង្ស័យឈ្មោះ អាកាក់ បានជិះទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះរួចហើយជនសង្ស័យឈ្មោះ សាត់ បញ្ញា ក៏បានធ្វើសកម្មភាពឆក់កាបូបដៃរបស់ជនរងគ្រោះបានសម្រេច ហើយជនសង្ស័យទាំងពីរនាក់ក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីខាងក្រោយហើយស្រែកថាចោរៗ ពេលនោះជនសង្ស័យបានបត់ម៉ូតូស្លន់ក៏ដួលម៉ូតូ ភ្លាមនោះកំលាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ដែលល្បាតការពារសុវត្ថិភាពនៅក្បែរនោះក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត់ បញ្ញា បាន០១នាក់ និងចាប់វត្ថុតាងកាបូបលុយរបស់ជនរងគ្រោះមកវិញ រួមនិងម៉ូតូជិះធ្វើសកម្មភាពឆក់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់តែម្ដង ។ ចំណែកជនសង្ស័យឈ្មោះ អាកាក់ បាន រត់គេចខ្លួនបាត់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោម ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សាត់ បញ្ញា ហៅ ចយ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្នានគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖