ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះបញ្ច្រាសទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យ ឃើញថាមិនសូវមានអ្នកល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត អស់រយៈពេលជាច្រើនខែកន្លងមកនេះ នឹងចាប់យាន្តយន្តរាប់ពាន់គ្រឿងយកមកធ្វើការអប់រំណែនាំនិងផាកពិន័យតាមច្បាប់ រហូតមកដល់ពេលនេះគេឃើញថា អ្នកល្មើសច្បាប់ចរាចរណ៍នោះបានយល់ដឹងច្រើន ហើយមិនហ៊ានបើកបំពានទៀតឡើយ ។

ជាក់ស្តែងរហូតមកដល់ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី មានតែម៉ូតូរ៉ឺម៉ក១គ្រឿងតែប៉ុណ្ណោះ ដែលត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ ធ្វើការចាប់ផាកពិន័យតាមផ្លូវច្បាប់ ជិះបញ្ច្រាសទិសដៅចរាចរណ៍ ។

ការឃាត់ម៉ូតូរ៉ឺម៉កបើកបញ្រ្ចាសទិសដៅចរាចរណ៍ខាងលើនេះ បានធ្វើឡើងជារៀងរាល់ថ្ងៃ នៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី។

បច្ចុប្បន្នម៉ូតូរ៉ឺម៉កខាងលើនេះ ត្រូវបានកម្លាំងជំនាញប​ញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ ស តារា


ចែករំលែក៖