ខេត្តកណ្ដាល៖ ស្រ្ដីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ត្រូវបានជនដៃដល់កាប់សម្លាប់ចំនួន៥កាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមលើគ្រែបន្ទប់ដេកក្នុងបន្ទប់ជួលរបស់ខ្លួនយ៉ាងរន្ធត់ ។ ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួល ស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីរងគ្រោះត្រូវជនដៃដល់កាប់សម្លាប់មានឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រកាត់ដេរ មានទីលំនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ ស្រ្ដីរងគ្រោះមានប្ដី និងកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ឈិន តាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលត្រូវជាប្អូនស្រ្ដីរងគ្រោះបានឲ្យដឹង កន្លងមកស្រ្ដីរងគ្រោះ និងប្ដីបាននាំគ្នាចាកចេញពីស្រុកកំណើតនៅខេត្ដកំពង់ស្ពឺ មកស្នាក់នៅផ្ទះជួលនៅស្រុកអង្គស្នួល ខេត្ដកណ្ដាល ដើម្បីមកងាររោងចក្រ ដោយផ្ទះជួលរបស់ក្រុមគ្រួសាររងគ្រោះនៅជិតផ្ទះរបស់ឈ្មោះ ឈិន តាក់ ត្រូវជាប្អូនស្រ្ដីរងគ្រោះដែរ ។
បុរសឈ្មោះ ឈិន តាក់ ត្រូវជាប្អូនបានឲ្យដឹងទៀតថា ស្រ្ដីរងគ្រោះ និងប្ដីតែមានទំនាស់ឈ្លោះប្រកែកគ្នាជាញឹកញាប់ច្រើនលើកច្រើនសាររួចមកហើយ លុះមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ល្ងាច បុរសជាប្អូនជនរងគ្រោះបានឃើញផ្ទះបង(ស្រ្ដីរងគ្រោះ)មានភាពងងឹត មិនបើកអំពូលភ្លើងមានការងឿងឆ្ងល់ ក៏ដើរទៅមើល រួចស្រែកហៅបងស្រ្ដីរបស់ខ្លួនតែមិនឮបងស្រីឆ្លើយតប ភ្លាមនោះក៏ឡើងទៅមើលលើផ្ទះ បញ្ចាំងភ្លើងពិលមើលបានឃើញជនរងគ្រោះដេកដណ្ដប់ភួយជិតដោយចេញតែចុងជើង រួចចូលទៅជិតចាប់អង្រួននជើង ក៏ស្រាប់តែជើងស្រ្តីរងគ្រោះមានសភាពរឹងបាត់ទៅហើយ រួចបើកភួយមើលក៏ឃើញស្នាមកាំបិតកាប់ត្រង់ក្បាល ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលមកប្រាប់ប្រពន្ឋ និងរាយការណ៍ជួនមេភូមិ និងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ដើម្បីពិនិត្យ ។
ក្រោយពីនគរបាលប៉ុស្ដិ៍បានទទួលព័ត៌មាន ភ្លាមនោះក៏បានរាយការណ៍បន្ដទៅមន្រ្ដីជំនាញស្រុក និងសហការជាមួយមន្រ្ដីជំនាញខេត្ដ ចុះមកពិនិត្យកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ស្រ្ដីរងគ្រោះគឺពិតជាស្លាប់ដោយសារករណីឃាតកម្មប្រាកដមែន ដោយនៅលើក្បាលជនរងគ្រោះផ្នែកខាងស្តាំមានស្នាមកាប់ចំនួន៥កន្លែង ៖ ២កាំបិតផុងលលាដ៍ក្បាល ,២កាំបិតទៀតដល់លលាដ៍ និង១កាំបិតទៀតឆ្អឹងក និងដាច់ក្រចៀកខាងស្តាំជាចំរៀក ។ ក្រោយពីមន្រ្ដីជំនាញពិនិត្យរួច ក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាប្រពៃណី ។
ចំពោះករណីខាងលើនេះ មន្រ្ដីជំនាញកសាងសំណុំរឿងស្រាវជ្រាវដើម្បីរកជនដៃដល់មកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ