ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឆក់ត្រីសង្ស័យភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់អណ្តែតទឹកចោលប្រពន្ធកូន

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានប្រជានេសាទដាក់មង និងសន្ទួច ប្រទះឃើញស្លាប់អណ្ដែតទឹកជាប់ជាមួយឧបករណ៍ឆក់ត្រី នៅក្នុងបឹងមួយកន្លែង ខាងក្រោយវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសាច់ញាតិ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។

សពជនរងគ្រោះមានឈ្មោះ សុខ ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយជនរងគ្រោះមានប្រពន្ធជាកម្មការិនីរោងចក្រ ព្រមទាំងកូនស្រីម្នាក់អាយុ៨ឆ្នាំផងដែរ ។

បើតាមសម្តីប្រពន្ធសពជនរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក និងអួលដើមករ ថា ប្ដីរបស់គាត់មិនដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីនោះទេ គឺធ្លាប់តែមកដាក់ស្បៃមុងរកត្រីនៅចំណុចបឹងនេះក្នុងពេលទំនេពីការងារជួសជុលម៉ូតូ ។ តែប្ដីគាត់ឃើញមានគេប្រើប្រាស់ឧបករណ៍ឆក់ត្រីបានច្រើន ទើបគាត់ចង់ធ្វើដូចគេ ក៏នៅថ្ងៃម្សិលមិញប្ដីគាត់បានទៅទិញឧបករណ៍ឆក់ត្រីមួយគ្រឿងដើម្បីយកមករកត្រីឲ្យបានច្រើន ។

ប្រពន្ធជនរងគ្រោះបានបន្តថា នៅពេលថ្ងៃម៉ោងបាយរួច ប្ដីរបស់គាត់បានស្ពាយឧបករណ៍ឆក់ត្រីមករកត្រីតែម្នាក់ឯងបាត់រហូតដល់ម៉ោង១៧:១០នាទីល្ងាច ទើបមានបងប្រុសបង្កើតជនរងគ្រោះលឺដំណឹងថា ប្ដីរបស់គាត់បានស្លាប់នៅក្នុងទឹកបឹង ដែលគេសង្ស័យថា ស្លាប់ដោយសារឧបករណ៍ឆក់ត្រី ធ្វើឲ្យរូបគាត់ជាប្រពន្ធតក់ស្លុតយ៉ាងខ្លាំង ព្រោះបានបាត់បង់ប្ដី និងធ្វើឲ្យកូនស្រីដែលមានអាយុទើបតែ៨ឆ្នាំកំព្រាឪពុក ។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម ក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខាងកោសល្យវិច័យឲ្យមកពិនិត្យសាកសពជនរងគ្រោះខាងលើ ។ ដោយសមត្ថកិច្ចជំនាញ(PL)ក្រុងធ្វើកោសល្យវិច័យរួចរាល់ សពគឺស្លាប់ដោយសារ(ឧបករណ៍ឆក់ត្រីឆក់ស្លាប់ពិតប្រាដកមែន) រួចក៏បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖