ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិព្រែក និងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល លោក សន វី តំណាងលោកប្រាក់ សុខុន ប្រធានក្រុមការងារពង្រឹងស្រុកស្អាង និងសហការីជាច្រើននាក់បានចុះជួបសំណេះសំណាលជាមួយមន្ត្រីសង្កេតការគណបក្សប្រជាជនកម្ពុជាចំនួន៥៥រូប ។
នៅក្នុងឱកាសនោះ លោកសន វី បានមានមតិសំណេះសំណាលជាមួយមន្ត្រីសង្កេតការគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្អាងទាំងអស់ ដោយពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធានតែងយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងអស់ពីចិត្តពីថ្លើម ។ ក្នុងនោះដែរ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីសង្កេតការគណបក្សប្រជាជនកម្ពុជាទាំងអស់នាឱកាសបោះឆ្នោតសកល ខាងមុខនេះ សូមធ្វើកិច្ចការងារសង្កេតការនៃការបោះឆ្នោតឲ្យមានសុក្រឹត្យ និងតម្លាភាព ដោយឈរលើជំហរឯករាជ្យ និងធ្វើយ៉ាងណាតាមដានសភាពការបោះឆ្នោតឲ្យប្រព្រឹត្តទៅឲ្យមានយុត្តិធម៌ ។
បន្ទាប់មកលោក សន វី ដែលចុះសួរសុខទុក្ខប្រជាជននៅភូមិទួលព្រែក និងភូមិទួលសុភី បានបំពាក់ប័ណ្ណសម្គាល់អ្នកសង្កេតការគណបក្សប្រជាជនកម្ពុជាចំនួន៥៥នាក់ និងបានសំណូមពរដល់អ្នកសង្កេតការទាំងអស់ ក្រៅពីចុះសង្កេតការឲ្យមានតម្លាភាពនោះ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ៕ ប្រាថ្នា