ខេត្តតាកែវ៖ វាពិតជាមានភាពស្មោះស្ម័គ្រនឹងគូស្នេហ៍មែន ដែលនារីម្នាក់ព្រោះតែស្រលាញ់ សង្សារពេក ហើយគ្រាដែលសង្សារស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ទៅនោះ នាង បាន សម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនតាមក្រោយ ។
លោក តុប សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជាងទង បានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ ចំណុចភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយសាកសពស្រ្តីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ស៊ុន យ៉ា ភេទស្រី អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិ រិទ្ធី១ ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានសង្សារ នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីអ្នកភូមិ ស្រែខ្វាវ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានចាកចេញពីស្រុកកំណើត តាមមកលេងយុវជនម្នាក់ជាសង្សារនៅភូមិខាងលើច្រើនថ្ងៃមកហើយ ។ ក្រោយមកលេងស្រុកកំណើតរបស់សង្សារបានបីថ្ងៃ ស្រាប់តែយុវជនជាសង្សារ បានស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យនាងស្រែកទ្រហោរយំអាលោះអាល័យសង្សារក្រៃ លែង ។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជានាងមានវិបត្តិផ្លូចចិត្តយ៉ាងខ្លាំងក្នុងរឿងបែកបាក់ ស្នេហានេះ នាងបានលួចទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅជិតផ្ទះសង្សារដោយគ្មាន អ្នកណាដឹងឡើយ ។ លុះក្រោយមកមានអ្នកភូមិប្រទះឃើញសពនាងចងក ស្លាប់យ៉ាងអា ណោចអាធ័ម ក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងជំនាញ ចុះទៅពិនិត្យ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមផ្នែកជំនាញស្រុកសហការជាមួយការិយាល័យបច្ចេកទេសខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មានពេទ្យ និងអាជ្ញាធរភូមិឃុំ ស្រុក បានចុះពិនិត្យ សាកសព ដល់កន្លែងកើតហេតុហើយផ្នែកជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែនដោយសារមានវិបត្តិផ្លូវចិត្ត សង្សារស្លាប់ចោលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏បានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី