ព័ត៌មានទាន់ហេតុការណ៍៖

បងស្លាប់ចោលអូនដោយគ្រោះថ្នាក់ចរាចរណ៍ អូនត្រូវតែបញ្ចប់ជីវិតតាមបងដោយចងក

ចែករំលែក៖

ខេត្តតាកែវ៖ វាពិតជាមានភាពស្មោះស្ម័គ្រនឹងគូស្នេហ៍មែន ដែលនារីម្នាក់ព្រោះតែស្រលាញ់ សង្សារពេក ហើយគ្រាដែលសង្សារស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ទៅនោះ នាង បាន សម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនតាមក្រោយ ។

លោក តុ​ប សំអុល នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល ជាងទង បានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង កាលពី​វេលា​ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ ចំណុច​ភូមិ​ស្រែ​ខ្វាវ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយសាកសព​ស្រ្តី​រងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ស៊ុន យ៉ា ភេទ​ស្រី អាយុ២៤ឆ្នាំ មានស្រុកកំណើត​ភូមិ​ រិទ្ធី១ ឃុំ កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និងមាន​សង្សារ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភពព័ត៌មានពីអ្នកភូមិ ស្រែខ្វាវ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានចាក​ចេញ​​ពីស្រុក​កំណើត តាមមកលេងយុវជនម្នាក់ជាសង្សារនៅភូមិខាងលើច្រើនថ្ងៃមកហើយ ។ ក្រោយមកលេងស្រុកកំណើតរបស់សង្សារបានបីថ្ងៃ ស្រាប់តែយុវជនជាសង្សារ បានស្លាប់​ចោលដោយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យនាងស្រែកទ្រហោរយំអាលោះអាល័យសង្សារក្រៃ លែង ។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជានាងមានវិបត្តិផ្លូចចិត្តយ៉ាងខ្លាំងក្នុងរឿងបែកបាក់ ស្នេហានេះ នាងបានលួចទៅធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅជិតផ្ទះសង្សារដោយគ្មាន អ្នកណាដឹងឡើយ ។ លុះក្រោយមកមានអ្នកភូមិប្រទះឃើញសពនាងចងក ស្លាប់យ៉ាងអា ណោចអាធ័ម ក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងជំនាញ ចុះទៅពិនិត្យ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​ពេទ្យ និង​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក បាន​ចុះ​ពិនិត្យ សាកសព ដល់​កន្លែងកើតហេតុហើយ​ផ្នែក​ជំនាញ​សន្និដ្ឋានថា ជនរងគ្រោះពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែនដោយសារមាន​វិបត្តិ​ផ្លូវចិត្ត សង្សារ​ស្លាប់ចោលក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ ហើយក៏បានប្រគល់សពឲ្យសាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖