ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុកម៉ូតូរ៉ឺម៉កដួលត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតបុកថែមបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករឺម៉កកង់បីតាមដងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកលឿនមកបុកបណ្តាលឲ្យដួលទៅ និងថ្នល់ហើយរថយន្តបង្កបានគេចខ្លួនបាត់ស្រាប់តែមានរថយន្ត មួយគ្រឿងផ្សេងទៀត បើកបុកបន្ថែមធ្វើឲ្យរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វ៉ា ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើតភូមិកន្ទួតព្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញ ម៉ូតូកង់បីម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ គ-7538 កច1ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកុងតឺន័របើកពីជើងទៅត្បូងបុកកន្ទុយរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ ហើយត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត បើកពីត្បូងទៅជើងបុកកិនបន្ថែម បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ បាក់ដៃស្តាំ សន្លប់ឈឹងនៅកន្លែង ចំណែករ៉ឺម៉ករងខូចខាតខ្ទេចទាំងស្រុង ហើយរថយន្តបង្កទាំង២គ្រឿង ចែកជើងគ្នារត់គេចបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍កន្ទោករង់ចាំបងប្អូនយកឯកសារមកទទួល ៕ សុខាសែនជ័យ


ចែករំលែក៖