ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ចាប់ត្រាក់ទ័រ១គ្រឿងក្នុងចំណោម៣គ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកជាតំបន់ហាមឃាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រមួយគ្រឿង ក្នុងចំណោម៣គ្រឿងត្រូវបានសមត្ថកិច្ច ចម្រុះរបស់ស្រុកបរិបូណ៌ឃាត់ ខណៈដែល ទឹកទន្លេកំពុងឡើង ហើយក្រុមជនខិលខូចយកទៅឈូសឆាយរុករានដីព្រៃលិចទឹក។

ការចុះបង្ក្រាបត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកខាងលើនេះបានធ្វើឡើងកាល ពីវេលាម៉ោង១១ព្រឹកថ្ងៃពុធ ៦កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅ ចំណុចសាលាថ្មី ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងការ បង្ក្រាបខាងលើបានឲ្យដឹងថា មុនពេល បង្ក្រាបសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋហើយភ្លាមៗនោះសមត្ថកិច្ចចម្រុះ របស់ស្រុកបរិបូណ៌បានចុះដល់កន្លែងកើតហេតុនិងបាននាំយកត្រាក់ទ័រខាងលើមក រក្សាទុកនៅសាលាស្រុកបរិបូណ៌ដើម្បី កសាងឯកសារចាត់វិធានការតាមច្បាប់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណី នេះខាងលោកកំពុងកសាងឯកសារបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលដើម្បីចាត់ចែងតាមនីតិវិធី ខណៈដីព្រៃដែលក្រុមជនល្មើស ឈូសឆាយខាងលើនេះខាងលោកមិន ទាន់បានធ្វើការវាស់វែងនៅឡើយទេ ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា ត្រាក់ទ័រដែលសមត្ថកិច្ច បង្ក្រាបខាងលើនេះជារបស់លោកស សារ៉ន ជាកូនរបស់លោក ស ប៊ុនធឿន ដែលជាក្រុមអ្នកនាំត្រាក់ទរ័ដើរឈូសឆាយដីព្រៃ ក្នុងតំបន់សេះស្លាប់ កំពង់អួ និងតំបន់ ផ្សេងៗទៀតក្នុងខេត្តកំពង់ឆ្នាំងដោយមិន មានសមត្ថកិច្ចខាងណាបង្ក្រាបបានម្តងនោះឡើយ។ កន្លងមកខាងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបរិបូណ៌ក៏បានបង្ក្រាបបែបនេះដែរ តែបានមួយដង្ហើមចង្រិត ប៉ុណ្ណោះក៏លែងទៅវិញបាត់ទៅ ។

ពាក់ព័ន្ធករណីខាងលើនេះគេរង់ចាំមើលថា តើវាអាចដូចករណីមុនៗទៀតដែរ ឬ យ៉ាងណា? ៕ ហេង នរិន្ទ្រ


ចែករំលែក៖