ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា គិតត្រឹមរសៀល ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកដែលហូរកាត់កំណាត់ ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សិលានៅបន្តស្រកក្រោម១ម៉ែត្រ ពោលគឺនៅកម្ពស់ពី៦ទៅ៧តឹក តែការធ្វើ ដំណើរឆ្លងកាត់នោះក៏មិនទាន់ត្រូវបាន អនុញ្ញាតឲ្យដែរ ។
លោកស្នងការបានបន្តថា សម្រាប់ស្ថាន ភាពទឹកភ្លៀងវិញនៅតែបន្តធ្លាក់ បុ៉ុន្តែមិន ខ្លាំងនោះទេ ហើយបើថ្ងៃនេះភ្លៀងធ្លាក់មកកាន់តែខ្លាំងដូចដើមនោះកម្ពស់ទឹកហូរកាត់ផ្លូវជាតិលេខ៤នឹងមានការកើនឡើងវិញ។ ដោយសារតែទឹកមិនទាន់ស្រកចុះខ្លាំង ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤នៅតែបន្តបិទដដែលមិនទាន់អនុញ្ញាតនៅឡើយទេ ។
ដោយសារការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះបានធ្វើឲ្យជំនន់ទឹកភ្លៀងលិចលង់ តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ខេត្ត កំពង់ស្ពឺ ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ប៉ុន្តែមានការជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពនៅក្នុងស្រុកថ្មបាំង ខេត្ត កោះកុងផងដែរ ។
ទាំងសមត្ថកិច្ច និងអាជ្ញាធរបានជូន ដំណឹងនិងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅ ផ្លូវជាតិលេខ៣ដោយសារតែកំណាត់ផ្លូវ ជាតិលេខ៤នៅបន្តបិទចរាចរណ៍ជា បណ្តោះអាសន្ននៅឡើយព្រោះតែទឹកនៅបន្តជន់លិច ។
ក្រសួងធនធានទឹក និងឧតុនិយមបាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហា អាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបាន បញ្ជាក់ថា រយៈពេលនេះខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជាដែលលក្ខណៈបែបនេះនឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះ កុង និងខេត្តព្រះសីហនុនឹងបន្តមានភ្លៀងធ្លាក់ច្រើន ។
ក្រសួងបានបញ្ជាក់ថា ចំពោះបណ្តារាជ ធានី-ខេត្តដទៃទៀតនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។
សេចក្តីប្រកាសរបស់ក្រសួងធនធាន ទឹក និងឧតុនិយមបានលើកឡើងថា មក ទល់នឹងវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៨ កម្ពស់ទឹកស្ទឹងសំរោងនៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុបានបន្តកើនឡើងដល់កម្ពស់៧,១០ម៉ែត្រ។ ដោយពេលនេះទឹកជំនន់កំពុងបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ១ គីឡូម៉ែត្រក្នុងកម្ពស់ពី១,៥០ម៉ែត្រទៅ ១,៦០ម៉ែត្រ ។
យោងតាមការប្រកាសរបស់អាជ្ញាធរខេត្តព្រះសីហនុជំនន់ទឹកភ្លៀងដែលកំពុងជន់លិចស្ពានសំរោងនេះក៏បានបណ្តាលឲ្យ លិចលង់ផ្ទះប្រជាពលរដ្ឋប្រមាណជាជាង៣០០គ្រួសារផងដែរ។ ដើម្បីរក្សាសុវត្ថិភាព អ្នកធ្វើដំណើរ រដ្ឋបាលខេត្តព្រះសីហនុស្នើដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤សូមបង្វែរទៅធ្វើដំណើរតាមផ្លូវជាតិលេខ៣វិញ ហើយរថយន្តកុងតឺន័រ និងរថយន្តធុនធ្ងន់ ត្រូវរង់ចាំទឹកស្រកអស់ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ ។
សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៤ នៅស្ពានស្ទឹងសំរោងទឹកភ្លៀងបានជន់លិច ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មក។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ ចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ត្រូវបិទទាំងស្រុងដោយសារតែ ជំនន់ទឹកភ្លៀងលិចផ្លូវ ហើយចរាចរណ៍ ភ្នំពេញ-ព្រះសីហនុត្រូវបង្វែរទៅតាមផ្លូវ ជាតិលេខ៣ ។
ព្រមជាមួយគ្នានេះដែរបើយោងតាម ការប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយមស្តីពីការព្យាករអាកាសធាតុពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រទេស កម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំងព្រមជាមួយនឹងសម្ពាធទាបសកម្មដែលកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់ប្រទេស កម្ពុជា ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុនឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ផ្ទៃ សមុទ្រមានខ្យល់បក់បោកខ្លាំង និងមាន រលកខ្ពស់ៗ ។
នៅឯខេត្តកោះកុងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ ចំនួន៣៥៦ខ្នងផ្ទះ លិចដំណាំស្រូវចំនួន៦៨ហិកតានៅស្រុកចំនួន៣ក្នុងខេត្តកោះ កុងគិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ។
ក្នុងនោះរួមមានស្រុកថ្មបាំងក្នុងឃុំជីផាត មានភូមិចំនួន៣ ទឹកជំនន់លិចផ្ទះប្រជា ពលររដ្ឋចំនួន៣២១ខ្នង សាលារៀនចំនួន ១ខ្នង ខូចខាតដំណាំស្រូវ ៦៨ហិតតា។ ស្រុកស្រែអំបិលក្នុងឃុំដងពែង មានភូមិ ចំនួន១ ទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង។ ស្រុកកោះកុងក្នុងឃុំតាតៃក្រោម និងឃុំត្រពាំងរូង ទឹកជំនន់លិចផ្ទះប្រជា ពលរដ្ឋ និងផលដំណាំមួយចំនួន ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនោះ ដែរលោកស្រី មិថុនា ភូផង អភិបាលខេត្ត កោះកុងបានដឹកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះ និងជម្លៀសមនុស្ស សត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។
រីឯខេត្តត្បូងឃ្មុំវិញគិតត្រឹមរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ច្រាំងទន្លេ និង ផ្លូវមួយចំនួននៅក្នុងស្រុកក្រូចឆ្មារ និងស្រុក ត្បូងឃ្មុំបានបាក់ និងដាច់ដោយសារចរន្ត ទឹកទន្លេហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ផ្លូវលំចាប់ពីឃុំឈូកឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិចមិនអាចធ្វើដំណើរបាន។ ចំណែកស្ថានភាពទឹកបានធ្វើឲ្យបាក់ ដីច្រាំងទន្លេនៅចំណុចវត្តរកាធំ ភូមិរកាធំ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំប្រវែង១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ និងបាក់ស្រុតបង្គន់សង់ពីបេតុងចាស់ៗ មិនប្រើប្រាស់ចំនួន២ធ្លាក់ ចូលទន្លេ និងនៅភូមិជ្រោយគរ ឃុំទន្លេបិទ បាក់ច្រាំងប្រវែង៤ម៉ែត្រទៅ៥ម៉ែត្រចំនួន ៤កន្លែងអាចបង្កផលប៉ះពាល់ដល់ប្រជា ពលរដ្ឋប្រមាណ៥គ្រួសារ ។
បើទោះជាយ៉ាងនេះក្តីមន្ត្រីជំនាញថ្នាក់ ខេត្ត និងសមត្ថកិច្ចបានចុះជួយធ្វើអន្តរា គមន៍ជម្លៀសប្រជាពលរដ្ឋចេញ និងត្រៀម លក្ខណៈជួយសង្គ្រោះទៅទីសុវត្ថិភាព ។
ដោយឡែកនៅខេត្តក្រចេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះបន្តហក់ឡើង ខណៈដែលអាកាសធាតុមានការប្រែ ប្រួលគឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ខាងលើនៃដងទន្លេមេគង្គខេត្តក្រចេះធ្វើឲ្យទឹកទន្លេមេគង្គមានការប្រែប្រួល ស្ទឹង បឹង អូរ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្រ្តមួយ ចំនួនមានទឹកគ្រប់គ្រាន់ និងបានផ្ដល់ភាព ងាយស្រួលដល់ប្រជាកសិករក្នុងការប្រកបរបរកសិកម្មនារដូវវស្សាឆ្នាំនេះ ។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ កម្រិតកម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ មានកម្ពស់១៨,២១ម៉ែត្រ និងមានសីតុណ្ហ ភាពអតិបរមា២៩អង្សា និងអប្បបរមា២៥,៥ អង្សា ហើយកម្រិតរបាយទឹកភ្លៀងគឺទឹក ភ្លៀងធ្លាក់ស្មើតាមបណ្តាស្រុកទូទាំងខេត្ត។
លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្តក្រចេះបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ថា កម្រិតកម្ពស់ទឹក១៨,២១ម៉ែត្រ នេះជាកម្រិតកម្ពស់ទឹកមួយដែលល្អអាចហូរចូលបឹង ព្រែក អូរ និងអាងស្តុកទឹកមួយ ចំនួន និងផ្តល់ភាពងាយស្រួលដល់ប្រជា កសិករក្នុងការធ្វើការងារកសិកម្ម ។
លោកប្រធានមន្ទីរបានបន្តថា អាជ្ញាធរ ខេត្តដែលមានមន្ទីរធនធានទឹក និងឧតុ និយ ជាសេនាធិការបានត្រៀមលក្ខណៈ បង្ការរួចជាស្រេចដើម្បីទប់ស្កាត់គ្រោះ មហន្តរាយទឹកជំនន់នៅឆ្នាំនេះ ហើយលោកក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ជាពិសេសសហគមន៍ប្រើប្រាស់ទឹកត្រូវបិទទប់ទឹកក្នុងអាងឲ្យបានគ្រប់គ្រាន់ដើម្បីប្រើប្រាស់សម្រាប់ការងារកសិកម្មស្រែប្រាំង។ អាជ្ញាធរក៏សូមជម្រាបដល់ប្រជានេសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិ ភាពនៅពេលនេសាទនិងហាមឃាត់មិនឲ្យកុមារតូចៗចុះលេងទឹកជាដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
ជាមួយគ្នានោះដែរអាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងទន្លេមេគង្គ បឹង ព្រែក អូរ ត្រូវប្រុងប្រយ័ត្ននិង ត្រៀមបង្ការលក្ខណៈទុកជាមុនការពារនៅពេលមានទឹកជំនន់មកដល់ ៕ ហេង សូរិយា