ព័ត៌មានទាន់ហេតុការណ៍៖

ពិធីឡើងផ្ទះកូនស្រី ប្រែក្លាយជាបុណ្យសពម្តាយខ្សែភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ គួរឲ្យសង្វេគណាស់នៅពេលដែលភ្លេងចាក់ឲ្យសប្បាយក្នុងពិធីឡើង​គេហដ្ឋាន​ ថ្មីរបស់កូនស្រី បែរក្លាយជាភ្លេងខ្លងខែកបុណ្យសពម្តាយទៅវិញ។ អ្នកភូមិផងរបងជាមួយដែលជាភ្ញៀវត្រៀមនឹងចូលរួមពិធីឡើងគេហដ្ឋានថ្មី បាននាំគ្នាសម្តែងក្តីភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ចំពោះហេតុការណ៍ស្មានមិនដល់នេះ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅរសៀល ថ្ងៃ ពុធ ៦ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិខាងលើ មានរៀបចំ ពិធីឡើងគេហដ្ឋានថ្មី ដោយម្ចាស់ផ្ទះបានរៀបចំធ្វើ តែនៅព្រលឹមស្រាងៗបានបង្វែរជាពិធីបុណ្យសព ខណៈដែលម្តាយម្ចាស់ពិធីត្រូវបានស្លាប់ ដោយឆក់ខ្សែភ្លើងដែលរាយចោលកាលពីយប់កំដររោង ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តាមសម្តីកូនស្ត្រីសពរងគ្រោះ បាននិយាយថា នៅព្រឹកកើតហេតុគឺ នៅចន្លោះម៉ោង៥ ទៅម៉ោង៦ព្រឹក ម្តាយរបស់ខ្លួន បានងើបពីដំណេកមកបោសសម្អាតដីក្នុងរោងពិធីហើយ ពេលកំពុងបោសសម្អាតនោះម្តាយគាត់បានទាញស្បៃដែលសើមមកគ្របលើតំណខ្សែភ្លើងរាយនៅនឹងដី ក៏ឆ្លងចរន្តអគ្គិសនីឆក់តែម្តង។ ភ្លាមនោះក្រុមគ្រួសារបានបញ្ជូនគាត់​ទៅមន្ទីរ​ពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសលគាត់បានបាត់បង់ជីវិតនៅតាមផ្លូវទៅហើយ ទើបនាំ​គ្នាដឹកមកផ្ទះធ្វើបុណ្យតាមប្រពៃណី ដោយបង្វែរពីពិធីឡើងគេហដ្ឋានថ្មី ទៅជាពីបុណ្យ​សព​ទៅវិញ ។

លោកនាយប៉ុស្តិ៍តាបែន បានបញ្ជាក់ថា នេះគឺជាធ្វេសប្រហែសដោយអ្នកតខ្សែភ្លើង​ឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរ នៅតែយកមកប្រើប្រាស់ទើបគ្រោះ​ថ្នាក់ដល់អាយុ ជីវិតមនុស្សបែបនេះ៕ វណ្ណា


ចែករំលែក៖