ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ី២គ្រឿងបុកគ្នា នៅខណ្ឌជ្រោយចង្វារ​ រងការខូចខាតទាំងសងខាង​​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តតាក់ស៊ីម៉ាកប្រាយតុង បានបើកបុករថយន្តតាក់ស៊ីម៉ាកសាំយ៉ុង ពីក្រោយកំពុងបើកឆ្លងផ្លូវទាំងកំរោល ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២៧នាទីរសៀលថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦អា កែងផ្លូវបេតុងរង្វង់មូលនាងមច្ឆា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទាំង២គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរនោះ រថយន្តទី១ម៉ាកប្រាយតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG 0165 ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AN 7026។ អ្នកបើករថយន្តទាំង២មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តសាំយ៉ុងបានបើកតាមផ្លូវបេតុងពីលិចទៅកើតពីរង្វង់មូលនាងមច្ឆាទៅផ្លូវជាតិលេខ៦អា ខណ:ដែលដល់កន្លែងកើតហេតុ បានបើកឆ្លងផ្លូវទៅខាងស្តាំជិតផុត ស្រាប់តែមានរថយន្តម៉ាកប្រាយតុន បើកតាមផ្លូវជាតិលេខ៦អា ពីជើងទៅត្បូង តាមផ្លូវអទិភាពបានជ្រុលបុកគូថរថយន្តសាំយ៉ុង បណ្តាលឲ្យខូចខាតកំណាត់ក្រោយផ្នែកខាងឆ្វេង ចំណែករថយន្តប្រាយតុនខូចខាតកំណាត់មុខផ្នែកខាងស្តាំ។

ក្រោយកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងដោយភាគីរថយន្តសាំយ៉ុងជួយចេញថ្លៃខូចខាតទៅឲ្យរថយន្តប្រាយតុនចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖